ប្រែសម្រួល : កញ្ញាដាលីស/ឥណ្ឌូនេស៊ី ៖ បុរសពីរនាក់រងការពិន័យឱ្យអាវ៉ង់នៅចំពោះមុខប៉ូលិស ដែលជាការដាក់ទណ្ឌកម្មចំពោះការមិនពាក់ម៉ាស់ ចំពេលមានការឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅប្រទេសឥណ្ឌូនេស៊ី។
រូបភាពនេះត្រូវបានគេថតកាលពីថ្ងៃអង្គារទី១០វិច្ឆិកានៅក្នុងទីក្រុងបាន់ដាអាឆេ ដែលជាទីក្រុងធំជាងគេនៅក្នុងខេត្តអាឆេ ដែលមានការអភិរក្សខ្ពស់នៅឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ីបានដាក់ពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការបំពានច្បាប់ទប់ស្កាត់ជំងឺរាតត្បាត ក្នុងនោះរួមមានទាំងការពាក់ម៉ាស់នៅគ្រប់កន្លែងសាធារណៈ ជាមួយនឹងការដាក់ទណ្ឌកម្មចម្លែកៗសម្រាប់អ្នកដែលមិនមានបំណងឬមិនមានលទ្ធភាពបង់ប្រាក់ពិន័យ។
ជាការដាក់ពិន័យធូរស្រាលបំផុត អ្នកដែលល្មើសនឹងច្បាប់ត្រូវបានស្នើសុំឱ្យអាវ៉ង់ ឬធ្វើការងារសហគមន៍ដូចជា បោសសំរាមតាមដងផ្លូវ។
ប៉ុន្តែអ្នកផ្សេងទៀតត្រូវបានបង្ខំឱ្យដេកនៅក្នុងមឈូសអស់រយៈពេលជាច្រើនម៉ោងខណៈដែលអ្នកដទៃទៀតត្រូវបានបង្ខំឱ្យសម្អាតលូទឹកស្អុយឬដេកសំដិលក្រោមកម្តៅថ្ងៃ ៣០ នាទី។
ជាការដាក់ពិន័យធ្ងន់ធ្ងរបំផុត អ្នកល្មើសនឹងត្រូវបង្ខំឱ្យជីកផ្នូរសម្រាប់ជនរងគ្រោះដោយកូវីដ១៩ ដើម្បីឱ្យពួកគេចាប់អារម្មណ៍ពីសារៈសំខាន់នៃសុវត្ថិភាព។
ទាហានប្រហែល ៣៤ ម៉ឺននាក់ត្រូវបានដាក់ពង្រាយទូទាំងប្រទេសដើម្បីបង្ខំមនុស្សឱ្យអនុវត្តច្បាប់។
ឥណ្ឌូនេស៊ីកត់ត្រាករណីឆ្លងសរុប ៤៤៨.០០០ ករណី និងស្លាប់ជិត ១៥.០០០ នាក់៕
ប៉ូលិសបង្ខំបុរសពីរនាក់ឱ្យអាវ៉ង់នៅទីក្រុងបាន់ដាអាឆេកាលពីថ្ងៃអង្គារ