ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រសួងមហាផ្ទៃ បានផ្លាស់ប្តូរ ផ្ទេរភារកិច្ច តែងតាំង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៅខេត្តបន្ទាយមានជ័យ គឺសម្រាប់អធិការនគរបាល ២ ក្រុង ស្រុក, នាយរងការិយាល័យបច្ចេកទេស និងស្នងការរងខេត្ត។
យោងប្រកាសលេខ៤៤២៧ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកាសែតរស្មីកម្ពុជា ទទួលបានដែរ បានអោយដឹង នៅថ្ងៃទី១៣ វិច្ឆិកា នេះថាៈ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ មានរាយឈ្មោះដូចខាងក្រោម៖
១. លោកវរសេនីយ៍ឯក ធិន ស៊ីនដេត ពីអធិការ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ជាស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀន។
២. លោកវរសេនីយ៍ឯក សៅ សារឿន ពីអធិការ នៃអធិការដ្ឋាន ស្រុកថ្មពួក ជាអធិការ នៃអធិការដ្ឋាន ក្រុងប៉ោយប៉ែត។
៣. លោកវរសេនីយ៍ទោ ឈឿន គឹមឈុន ពីនាយរងការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាអធិការ នៃអធិការដ្ឋាន ស្រុកថ្មពួក។
៤. តម្លើងជាវរសេនីយ៍ទោ ឌូ នីបកូឡា និងពីនាយផ្នែកពិនិត្យ កន្លែងកើតហេតុ ជានាយរងការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។
សូមបញ្ជាក់ថា តំណែងស្នងការរង ទទួលផែនការងារ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ គឺលោកវរសេនីយ៍ ង៉េង សុជា ប៉ុន្តែលោក បានស្នើសុំផ្ទេរទៅជាស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដែលនៅជិតផ្ទះ និងប្រពន្ធកូនលោកវិញ៕ ល