ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានស្នើដល់កងកម្លាំងទាំងអស់សូមបន្តនូវស្មារតីស្នេហាជាតិ សាសនា ព្រះមហក្សត្រ និងការពារសុខសន្តិភាពដ៏ស្រស់បំព្រងដែលកំពុងគ្រប់ដណ្តប់លើប្រទេសកម្ពុជានាពេលនេះ ហើយចូលរួមក្នុងការទប់ស្កាត់នូវរាល់ការបំផុសបំផុលអកុសលនានាដែលនាំមកនូវអស្ថិរភាព និងអសន្តិសុខ ពីសំណាក់អ្នកនយោបាយមួយចំនួនដែលបន្តមហិច្ឆិតាឥតឈប់ឈរក្នុងការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព អភិវឌ្ឍន៍ និងសុខដុមនីយភាពនៅក្នុងប្រទេសកម្ពុជា។
ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីចែកអាវរងារអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា សូមបន្តអនុវត្តតួនាទីចម្បងជាកងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋ ទាំងនៅក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព ក៏ដូចជានៅក្នុងការជួយសង្គ្រោះអំទ្បុងពេលមានគ្រោះមហន្តរាយនានា ជាអាទិ៍ពេលនេះជម្ងឺរាតត្បាតកូវីដ-១៩ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ និងកាចសាហាវ ដែលពិភពលោកទាំងមូល រួមទាំងកម្ពុជាយើងកំពុងជួបប្រទះ ដូច្នេះហើយសូមបន្តនូវការត្រៀមការពារ និងប្រុងប្រយ័ត្នខ្ពស់ថែមទៀតចាប់តាំងពីកម្រិតបុគ្គល ក្រុម រហូតដល់អង្គភាព និងសហគមន៍ទាំងមូល ដោយមិនត្រូវព្រងើយកន្តើយសូម្បីតែជាមួយនឹងជម្ងឺផ្តាសាយធម្មតា ដើម្បីភាពជោគជ័យក្នុងការហែលឆ្លងនូវកាលៈទេសៈនេះ។
មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា ចាប់តាំងពីជម្ងឺកូវីដ-១៩ រីករាលដាលលើពិភពលោករយៈកាលជាង១០ខែកន្លងមក កម្ពុជាបានគ្រប់គ្រងនូវស្ថានការណ៍មិនឲ្យមានការផ្ទុះរីករាលដាលនៅទូទាំងប្រទេសឡើយ។ លទ្ធផលដែលសម្រេចបានមកនេះ គឺដោយសារការដឹកនាំរបស់សម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រួមជាមួយក្រសួងសុខាភិបាល ព្រមទាំងក្រសួង មន្ទីរ និងអាជ្ញាធរគ្រប់ស្ថាប័នទូទាំងរាជធានី ខេត្តពាសពេញផ្ទៃប្រទេស ដែលបានចូលរួមជ្រោមជ្រែង សហការ ក្នុងការអនុវត្តវិធានការសុខាភិបាលហ្មត់ចត់នានា ដើម្បីធានានូវសេចកី្តសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងរហូតដល់ថ្ងៃនេះ៕ ល