ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អាជ្ញាធរនិងជំនាញបន្តជួសជុល និងភ្ជាប់ឡើងវិញកំណាត់ផ្លូវរងការខូចខាតដោយគ្រោះទឹកជំនន់ ដើម្បីសម្រួលដំណើរឆ្លងកាត់ប្រជាពលរដ្ឋ ការដឹកជញ្ជូននានា រួមទាំងកសផល។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០រួម ជាមួយអភិបាលរងស្រុក មេឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានពិនិត្យមើលស្ថានភាពផ្លូវដែលត្រូវទឹកជំនន់ហូរបុកផ្តាច់ និងកន្លែងខូចខាត នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ DBST ផ្លូវពីឃុំឬស្សីក្រោក ទៅឃុំតាំឡំ (ឬផ្លូវព្រះស្រែ)។ គឺត្រូវធ្វើការជួសជុលនឹងតភ្ជាប់ឡើងវិញតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ ដឹកជញ្ជូនទំនិញ ភោគផលកសិកម្មនានា ក្រោយទឹកសម្រកចុះនេះ។
លោកអភិបាលខេត្តបានអោយដឹងថា៖ អាជ្ញាធរបានជួលគ្រឿងចក្រអេស្ការវ៉ាទ័រនិងផ្តល់ការ៉ុងចំនួន១.០០០ ការ៉ុង សម្រាប់ការបិទទប់មុខទឹកដែលស្រកហលយដើម្បីធ្វើការជួសជុលបន្តទៀត។
សូមបញ្ជាក់ថា ក្រោយទឹកជំនន់បានស្រកបន្តបន្ទាប់ អាជ្ញាធរដែនដីមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណការនិងដឹកជញ្ជូន បានសហការនឹងថ្នាក់លើរបស់ខ្លួន បានចេញទៅត្រូតពិនិត្យ វាយតម្លៃនិងធ្វើការជួសជុល ស្តារឡើងវិញបណ្តាញផ្លូវថ្នល់ទាំងឡាយ ដែលរងការខូចខាតកន្លងមក៕ ល