Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទូត​អូស្ត្រាល...

ទូត​អូស្ត្រាលី​ចុះ​ពិនិត្យ​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​

​ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:​កាលពី​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅឯ​ឃ្លាំង​ស្តុក​ស្រូវ ឡ ស​ម្ងួ​ត​ស្រូវ និង រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ ខេត្តកំពង់ធំ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង សហការី​នៃ​អគ្គលេខាធិការដ្ឋាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានទទួល​ជួប​ស្វាគមន៍​លោក ប៉ា​ប្លូ កាង (Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រា​លី​ប្រចាំ​នៅ​កម្ពុជា និង​លោក ហ្គា​រី អេ​ឡឹ ម (Gary Ellem) ប្រធាន​ក្រុមការងារ កម្មវិធី​ខ្សែ​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (​កា​វ៉ា​ក់​) និង​សហការី ដែល​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​រោង​ម៉ាស៊ីនកិនស្រូវ​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ ដែលជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

​ឧកញ៉ា​ប្រធាន​សហព័ន្ធ​បាន​ជំរាបជូន​លោក​ឯកអគ្គរាជទូត​អំពី​ដំណើរការ​នៃ​ខ្សែសង្វាក់​ផលិត​កម្ម​កិន​កែច្នៃ​ស្រូវ​អង្ករ​របស់​អេ​ម​រុ​រ៉ា​យស៍ តាម​ប្រព័ន្ធ​ទំនើបកម្ម និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ បន្ថែម​ពីលើ​នេះ លោក​ឯកអគ្គរាជទូត និង​សហការី ក៏បាន​អញ្ជើញ​ទស្សនកិច្ច​វាលស្រែ​បង្ហាញ ពូជ​ផ្កាមាលតី​របស់​អេ​ម​រុ​រ៉ា​យស៍​លើ​ផ្ទៃដី​១​ហិកតា ដែល​ទទួលបាន​ការគាំ​ទ្រ​ផ្នែក​បច្ចេកទេស​ពី​កម្មវិធី​កា​វ៉ា​ក់​ផងដែរ​។

​លោក​ឯកអគ្គរាជទូត និង​ក្រុមការងារ មានការ​ចាប់អារម្មណ៍​ខ្ពស់​លើ​ខ្សែសង្វាក់​ផលិតកម្ម​កិន​កែច្នៃ​អង្ករ ហើយក៏​បាន​សាទរ​ចំពោះ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​អូស្ត្រា​លី ដែល​បាននិងកំពុង​បន្ត​ស្ថិតនៅ​លើផ្លូវ​វិជ្ជមាន​ផងដែរ​។

​ឧកញ៉ា ប្រធាន​សហព័ន្ធ និង​លោក​អគ្គលេខាធិការ​សហ​ព័ន្ធ ក៏បាន​ជំរាបជូន​ក្រុម​ទស្សនកិច្ច​បន្ថែម អំពី​ស្ថានភាព​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា រួមមាន​ទីផ្សារ​ចម្បងៗ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា និង​ឱកាស​ក្នុងការ​ពង្រីក​ការនាំចេញ​អង្ករ​របស់​កម្ពុជា ជាពិសេស​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ ជាក់ស្តែង ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ប្រទេស​អូស្ត្រាលី​ក្នុង​បរិមាណ ២៥.៩៩៤ តោន កើនឡើង​៥៣% បើ​ប្រៀបធៀប​រយៈពេល​១០​ខែ​ដូចគ្នា ឆ្នាំ​២០១៩ ដែលមាន​បរិមាណ​ត្រឹមតែ ១៧.០២៣​តោន​។ ការកើនឡើង​នៃ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​នេះ គឺជា​ការកើនឡើង​មួយ​ដ៏​គួរឱ្យកត់សម្គាល់ ជាពិសេស​ទៅលើ​ប្រភេទ​អង្ករ​សរីរាង្គ និង​និរន្តរភាព (SRP)​។

​នេះ​ជា​មោទនភាព​មួយ​ដែល​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី បាន​ជួយ​គាំទ្រ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​។ បន្ថែម​ពីលើ​ការនាំចេញ​មានការ​កើនឡើង ក៏​មាន​​​ក្រុមហ៊ុន​នៅ​ប្រទេស​អូស្ត្រាលី​មួយចំនួន​បាននិងកំពុង​បន្ត​ការចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular