​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន​ជំរុញ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​បន្ត​ចុះ​មូលដ្ឋាន​

1178
ចែករម្លែក
លោកស្រីម៉ែនសំអន

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ចាប់ពីពេលនេះ រហូត​ទៅដល់​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ គណបក្ស​ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​ប្រមូលផ្តុំ​លើ​ការងារ​ដឹកនាំ​សំខាន់ៗ ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រេច​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ អនុវត្ត​កម្មវិធី​កែទម្រង់​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ឲ្យ​មាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ និង​ទទួលបាន​លទ្ធផល​។​

​ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ពិធី​ប្រកាស​កែសម្រួល និង​ទទួលស្គាល់​សមាសភាព​អនុសាខា​សមាគម នារី​និង​ក្រុមការងារ​ស្ត្រី​ក្នុងស្រុក​ល្វាឯម​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ។​

​លោកស្រី​បាន​បញ្ជាក់ថា​ជាការ​ពិតណាស់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​មានកា​រ​អភិវឌ្ឍ​ល្អប្រសើរ​នៅលើ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច និង​នយោបាយ​ការទូត​។ ជាក់ស្តែង កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា​មធ្យមភាគ​ប្រចាំឆ្នាំ​ប្រមាណ​៧%​ប្រកបដោយ​ចីរភាព តាមរយៈ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធ ភាព និង​ភាព​ស័ក្ក​សិទ្ធិ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ដើម្បី កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​។ ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ស្ត្រី​មានឱកាស​បាន​សិក្សា​រៀនសូត្រ​បង្កើន​ចំណេះដឹង​និង​ជំនាញ​ជ្រៅជ្រះ​សម្រាប់​យកទៅ​ប្រកបការងារ​និង​មានមុខ​របរ​រក​ចំណូល​សម្រាប់​គ្រួសារ​។​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​ព្រឹទ្ធ សភា​និតិ​កាល​ទី​៤ កន្លងទៅ​បានបង្ហាញ​យ៉ាងច្បាស់​ពី​តម្លាភាព​យុត្តិធម៌​និង​លទ្ធិប្រជាធិបតេយ្យ​ធ្វើឱ្យ​មជ្ឈដ្ឋាន​អន្តរជាតិ និង​ប្រទេស​ជាច្រើន​លើ​សកលលោក​ទទួលស្គាល់ គាំទ្រ និង​អបអរសាទរ​។​

​លោកស្រី​បានលើកឡើង​ថា ទោះបីជា​ស្ថានភាព​ស្ត្រី​នៅ​កម្ពុ​ជាមាន​ភាពជឿនលឿន​ទាក់ទង​នឹង សមភាព​យេនឌ័រ​រួមទាំង​ការពង្រឹង​ភាព​អង់​ឤ​ចរ​បស់​ស្ត្រី​ក៏ដោយ​ក៏​យើង​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​ជា​បណ្តើរៗ បន្ថែមទៀត ដែល​ក្នុងនោះ​រួមមាន​១.​ការចូលរួម​របស់​ស្ត្រី ក្នុង​វិស័យ​សាធារណៈ នយោបាយ និង​ក្នុង​វិស័យសេដ្ឋកិច្ច​នៅមានកម្រិត​នៅឡើយ​, ២.​វិសមភាព​យេនឌ័រ​នៅមាន​នៅឡើយ​ក្នុង​វិស័យ​អប់រំ​ជាពិសេស​នៅក្នុង​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​និង​ឧ​ត្ត​មសិ​ក្សា​,៣.​បញ្ហា​សុខភាព​ស្ត្រី​ឤ​ហា​រូប​ត្ថ​ម្ភ​អត្រា​ស្លាប់​របស់​ម្តាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​នៅក្នុង​តំបន់​, ៤.​ការ​ឆបោក​ស្ត្រី ការជួញដូរ​ផ្លូវភេទ និង​ការរំលោភបំពាន​លើ​រាងកាយ​ស្ត្រី នៅតែមាន និង ៥.​ការដោះស្រាយ​បញ្ហា​រំលោភ​សេពសន្ថវៈ និង​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​ទៅតាម​នីតិវិធីតុលាការ និង​ផ្លូវច្បាប់ និង​ការផ្តល់សេវា​ជួយ​ជនរងគ្រោះ នៅ​ពុំទាន់​បានល្អ និង​មាន​ភាពយឺតយ៉ាវ​។​ល​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម