Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹក​បឹង​ទន្លេ...

ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ហូរ​ចេញ បន្ទាប់ពី​ឡើងដល់ កម្ពស់ ៥,៩៦ ម៉ែត្រ​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹក​បឹង​ទន្លេសាប ចាប់ផ្តើម​ហូរ​ចេញ មកកាន់​ទន្លេមេគង្គ នៅ​ចតុមុខ វិញ​ហើយ បន្ទាប់ពី​បាន​ជន់​ឡើង ដល់​កម្រិត​កម្ពស់ ៥,៩៦ ម៉ែត្រ នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ធ្វើឱ្យ​លិច​ផ្ទៃដី​តំបន់​បី នៅ​ជុំវិញ​បឹង​ទន្លេសាប រួចមក ។ នេះ​បើតាម​លោក ម៉ៅ ហាក់ អនុប្រធាន អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក ម៉ៅ ហាក់ បានបញ្ជាក់​ថាៈ ទឹក​បឹង​ទន្លេ​ឆ្នាំនេះ គ្មាន​អ្នកណា​គិតថា បាន​ឡើងដល់​កម្ពស់​ជិត ៦ ម៉ែត្រ បែបនេះ​ទេ ព្រោះ​ដល់ពេល ជាង​ពាក់កណ្តាល រដូវវស្សា ទៅហើយ កម្ពស់​ទឹក នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រគរ កំពង់​លួង (​បឹង​ទន្លេសាប​) មាន​កម្ពស់ ក្នុង​រង្វង់​តែ ៣ ម៉ែត្រ គឺមាន​នៅតែ​តាម​ពោះ​បឹង ។ តែ​ទឹកបាន​ងើបឡើង ជា​លំដាប់ នៅ​ចុងរដូវ​វស្សា បន្ទាប់ពី​មាន​បាតុភូត​ព្យុះ កើតមាន​បន្តបន្ទាប់ និង​មាន​ឥទ្ធិពល​ទឹកភ្លៀង​ច្រើន ដល់​ប្រទេស​កម្ពុជា​។​

​មន្ត្រី​ជំនាញ​របប​ជលសា​ស្ត្រ នៃ​ក្រសួង​ធនធានទឹក​នេះ បាន​និយាយ​ឱ្យដឹងថាៈ កម្ពស់​ទឹក​បឹង​ទន្លេសាប ដែល​បាន​ងើបឡើង ដល់​ជិត ៦ ម៉ែត្រ នៅ​ចុងរដូវ​វស្សា​នេះ អំណោយផល​ល្អ ដល់​ជីវិត​ជីវៈចម្រុះ​ទាំង នៅពេលនេះ ក៏​ដូច​ក្នុង​រដូវប្រាំង ខាងមុខ​។ ទឹកបាន​ឡើង​លិច តំបន់​បី ជា​តំបន់​ព្រៃ​លិច​ទឹក នៅ​ជុំវិញ​ផ្ទៃ​បឹង​ទន្លេសាប ដែល​បានកំណត់ នៅក្នុង​អនុក្រឹត្យ មាន​ទំហំ​ប្រមាណ​ជា ៦៤ ម៉ឺន​ហិកតា​។​

​លោក ម៉ៅ ហាក់ បានឱ្យដឹង​ទៀតថាៈ ទឹក​បឹង​ទន្លេសាប នៅ​ថ្ងៃទី​១៣ វិច្ឆិកា​នេះ មាន​កម្ពស់ ៥,៧៩ ម៉ែត្រ បើ​ធៀប​រយៈពេល ដូចគ្នា​នឹង​កម្ពស់​ទឹក​មធ្យម ច្រើន​ឆ្នាំ គឺ​ទាប​ជាង ១,៩១ ម៉ែត្រ តែ​ខ្ពស់ជាង​ឆ្នាំ​២០១៩ ប្រមាណ ១,១០ ម៉ែត្រ​។ ឯ ទឹកទន្លេ​មេគង្គ​វិញ ក៏បាន​បន្ត​ស្រក​ចុះ ជា​លំដាប់​លែងមាន​ឡើង​ទៀត​ដែរ សម្រាប់ រដូវវស្សា​ឆ្នាំ​២០២០ នេះ បន្ទាប់ពី​បាន​ឡើង​ខ្ពស់បំផុត ដល់​កម្រិត ៧,៨០ ម៉ែត្រ នៅ​ស្ថានីយ​ជលសា​ស្ត្រ ទន្លេបាសាក់ ចតុមុខ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ រួចមក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...