ដោយ:ញ៉ែម សុផល/ភ្នំពេញ: យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(Anti Cyber Crime Department) បានឱ្យដឹងថា៖ Play Store គឺជាជម្រកនៃកម្មវិធីមេរោគ សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងទៀតថា ៖ បើតាមលទ្ធផលស្រាវ ជ្រាវពីក្រុមហ៊ុន NortonLifeLock ដែលពីមុនលោកអ្នកធ្លាប់ស្គាល់ថាជាក្រុមហ៊ុន Symantec គឺជាក្រុមហ៊ុនដ៏ល្បីផ្នែកផលិតកម្មវិធីកម្ចាត់មេរោគនោះ បានរកឃើញថា Google Play Store ដែលជាកន្លែងទាញយកកម្មវិធីជាផ្លូវការសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ក៏ជាប្រភពនៃកម្មវិធីដែលពោរពេញទៅដោយមេរោគដ៏ធំមួយផងដែរ។
ក្នុងការស្រាវជ្រាវនេះ ក្រុមហ៊ុនបានចំណាយរយៈពេល៤ខែ គឺចាប់តាំងពីខែមិថុនាដល់ខែវិច្ឆិកា ឆ្នាំ២០១៩ហើយពួកគេបានតាមដានកម្មវិធីចំនួនប្រមាណ៣៤លានដែលបានបញ្ចូលទៅក្នុងទូរសព្ទចំនួន ១២លាន។
បើតាមការស្រាវជ្រាវនេះ មានកម្មវិធីចំនួនពី ១០% ទៅ ២៤% ដែលវាអាស្រ័យទៅតាមប្រភេទរបស់កម្មវិធី គឺជាកម្មវិធីដែលមានមេរោគ ឬជាកម្មវិធីដែលមិនមានសារៈប្រយោជន៍ដូចដែលគេបានផ្សព្វផ្សាយ។
គួរបញ្ជាក់ផងដែរថា អ្នកស្រាវជ្រាវក៏បានធ្វើការប្រៀបធៀបការទាញយកកម្មវិធីពី Play Store ជាមួយនឹងការទាញយកពីប្រភពផ្សេងៗទៀតដូចជាតាមរយៈ គេហទំព័រ, file sharing, instant message និង package installers ជាដើម ហើយគេបានរកឃើញថា កម្មវិធីដែលមានមេរោគចំនួន ៦៧% គឺជាកម្មវិធីដែលទាញយកពី Play Store៕