Home ព័ត៌មានជាតិ សេដ្ឋកិច្ច ស្ពាន​ឆ្លងកាត...

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូចឆ្មារ នឹង​ត​ភ្ជាប់​គ្នា នា​ខែធ្នូ ចុងឆ្នាំ​២០២០

ដោយៈ គង់​ហេង / កំពង់ចាមៈ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូចឆ្មារ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជាង ៥៦ លាន ដុល្លារ​អាមេរិក នឹង​រៀបចំ​ពិធី​ត​ភ្ជាប់​គ្នា រវាង​ខេត្ត កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​អំឡុង ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ។​

​ប្រភពព័ត៌មាន​ពី មន្ត្រី​សាលាខេត្ត​កំពង់ចាម បានឱ្យដឹងថាៈ នៅ​រសៀល​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ដែល​អមដំណើរ​ដោយ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក គន់ សុភា អភិបាលរង ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង រៀបចំ​ពិធី​ត​ភ្ជាប់​ស្ពាន ស្ទឹងត្រង់​-​ក្រូចឆ្មារ គឺ​បានសម្រេច​ជ្រើស​រើសយក​ទីតាំង ត្រើយ ខាង​គល់ស្ពាន​ស្ទឹងត្រង់ និង​កំណត់​អ្នកចូលរួម មិនឱ្យ​លើសពី ១.០០០ នាក់​។​

​ប្រភពព័ត៌មាន​ដដែល បានឱ្យដឹង​បន្តថាៈ នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា គណៈប្រតិភូ​ក្រុមការងារ នឹង​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ ពិធី​ត​ភ្ជាប់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ មួយ​នេះ​ម្តងទៀត​ហើយ​នៅ ចន្លោះ​សប្តាហ៍​ទី​១ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ ចូលរួម ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៃ​ពិធី​នេះ​។​

​គួររំលឹកថា ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ដែលមាន​ប្រវែង​បណ្តោយ ១.១៣១ ម៉ែត្រ និង​ទទឹង ១៣,៥០ ម៉ែត្រ មានតម្លៃ​ជាង ៥៦ លាន ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន របស់​ប្រទេស​ចិន និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ ផលប៉ះពាល់ និង​បោស សម្អាត យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ស្ថាបនា​ដោយ ក្រុមហ៊ុន​ចិន​ឈ្មោះ «​ស៊ា​ង​ហៃ​» បាន​ចាប់ ផ្តើម​បើក ការដ្ឋាន​ស្ថាបនា កាលពី​ថ្ងៃទី ៩ ខែកុម្ភ​: ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular