ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍កាលពីថ្ងៃសុក្រទី១៣វិច្ឆិកាថា ភ្នាក់ងារចារកម្មអាម៉េរិក ដែលការពារប្រធានាធិបតីដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន និង សេតវិមាន បានឆ្លងកូវីដ១៩។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បាននិយាយថា ភ្នាក់ងារសេវាកម្មសម្ងាត់ជាង ១៣០ នាក់បានឆ្លងវីរុសកូរ៉ូណាឬធ្វើចត្តាឡីស័ក ដោយសារបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយមនុស្សដែលឆ្លង។
ការផ្ទុះឡើងករណីឆ្លងនេះបានកើតឡើងបន្ទាប់ពីភ្នាក់ងារជាច្រើនបានធ្វើដំណើរទៅកន្លែងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយលោកត្រាំកន្លែងដែលមានមន្ត្រីជាច្រើននិងអ្នកចូលរួមភាគច្រើនមិនបានពាក់ម៉ាស់ទេ។
ការផ្ទុះឡើងនេះក៏កើតឡើងផងដែរ បន្ទាប់ពីព្រឹត្តិការណ៍នានានៅសេតវិមានក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ដែលដឹកនាំដោយលោកត្រាំ រួមទាំងពិធីជប់លៀងពេលរាត្រីនៃថ្ងៃបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា កន្លែងដែលអ្នកមានវត្តមានភាគច្រើនមិនបានពាក់ម៉ាសទេ។
ក្រោយមកមន្ត្រីមួយចំនួនបានរាយការណ៍ពីការធ្វើតេស្តវិជ្ជមានកូវីដ១៩ រួមទាំងនាយសេនាធិការចម្រុះរបស់លោកត្រាំ គឺលោក ម៉ាក មីដូវ។
កាសែតញូវយ៉កថែមស៍បាននិយាយថាយ៉ាងហោចណាស់មន្ត្រីសេវាកម្មសម្ងាត់ក្នុងឈុតឯកសណ្ឋាន ៣០ នាក់បានធ្វើតេស្តវិជ្ជមាននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយជាង ៦០នាក់ផ្សេងទៀតត្រូវបានប្រាប់ឱ្យធ្វើចត្តាឡីស័ក៕
ភ្នាក់ងារចារកម្មជាង ១៣០ នាក់បានឆ្លងកូវីដ១៩ ឬ ធ្វើចត្តាឡីស័ក