ដោយៈបាយ័ន / សៀមរាបៈ កំលាំងការិយាល័យព្រហ្មទណ្ឌនៃ កងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយ កងរាជអាវុធហត្ថ ស្រុកស្វាយលើ និងចូលរួមសហការជាមួយកំលាំងកង ពលតូចលេខ៦ នៃកងពលធំអន្ដគមន៍លេខ ២ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ដែល ត្រូវជាឪពុកម្តាយចិញ្ចឹម របស់កុមារារងគ្រោះ ដែលថា ពុលដំឡូងស្លាប់ តែនៅពេលនោះ សមត្ថកិច្ច កំពុងស៊ើបអង្កេតបន្ត ក្នុងរឿងនេះ ដោយសង្ស័យថា គឺជាការធ្វើទារុណកម្ម ច្រើនជាង ។ ការឃាត់ខ្លួនជនសង្ស័យទាំង ពីរនាក់នេះ បានធ្វើឡើង នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តសៀមរាប បាននិយាយថាៈ ជនសង្ស័យទាំង ពីរនាក់ គឺមាន ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាប។ ជនសង្ស័យទាំង ពីរនាក់ ត្រូវបានឃាត់ខ្លួនពីបទ ទារុណកម្ម និងអំពើឃោរឃៅ ដោយមានស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាម៉ោង ៧ និង ៣០នាទី ល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ច បានបន្តថាៈ តាមរយៈស្លាកស្នាម នៅលើខ្លួនជនរងគ្រោះ ដែលឪពុកម្តាយចិញ្ចឹម របស់កុមារារងគ្រោះ បាននិយាយថា បានធ្លាក់ពីលើគោយន្ត និងធ្លាក់ពីលើដើមអំពិលនោះ គឺជាការឆ្លើយដោះសារ របស់ជនសង្ស័យ ទាំង២នាក់ ប្តីប្រពន្ធ តែប៉ុណ្ណោះ។
សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតក្នុងរឿងនេះ ហើយសន្និដ្ឋានថា ការស្លាប់ របស់កុមារារងគ្រោះនោះ មិនមែនស្លាប់ ដោយសារពុលដំឡូងឡើយ គឺស្លាប់ដោយសារ ការធ្វើទារុណកម្ម ពីសំណាក់ឪពុកម្តាយចិញ្ចឹម។ ជនសង្ស័យទាំង ២នាក់ត្រូវបានកងរាជ អាវុធហត្ថ ប្រគល់ទៅឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាបចាត់ការតាមនីតិ វិធីបន្ត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់។
សូមរំលឹកថា កាលពីម៉ោង ៧និង៣០នាទី ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីក្មេងប្រុសឈ្មោះ ផល សុភាន់ អាយុ៦ឆ្នាំបានពុល ដំឡូងស្លាប់ ។ តែតាមការបំភ្លឺរបស់ឪពុកម្តាយចិញ្ចឹម របស់កុមាររងគ្រោះ បានបញ្ជាក់ថា កូនរបស់ខ្លួន បានធ្លាក់ពីលើគោយន្ដ និង ធ្លាក់ពីលើដើមអំពឹលទៀត ថ្ងៃបន្ទាប់ទៀត ជនរងគ្រោះ ត្រូវឆ្កែខាំទៀត ហើយកូនរបស់ខ្លួន មានសភាពទ្រុឌទ្រោម ចាប់ពីពេលនោះមក មិនបានយកទៅ មន្ទីរពេទ្យទេ ដោយសាគ្មានប្រាក់ និងគ្មានមធ្យោបាយធ្វើដំណើរ ។
ក្រោយការពិនិត្យសព សមត្ថកិច្ច ពិនិត្យឃើញផ្នែកក្បាល ក្បាលផ្នែកខាងក្រោយ និងមុខ ផ្នែកខាងស្ដាំ មានស្នាមដំបៅ (ស្នាមចាស់ ធ្លាក់ពីលើគោយន្ដ) ត្រចៀកទាំងសង្ខាង ចង្កា មានស្នាមដាច់រលាត់ ( ស្នាមចាស់ ឆ្កែខាំ ) ដោយឡែក ភ្នែកទាំងពីរ ច្រមុះ មាត់ក ពុំមានស្លាក ស្នាម ត្រង់ចំណុចនេះឡើយ ។ ករណីនេះសមត្ថកិច្ចនៅតែស៊ើបអង្កេតបន្ត អាចឪពុកធ្វើ ទារុណកម្មច្រើនជាងដែលអាចឈានដល់ការស្លាប់របស់កូន ព្រោះថា អ្នកភូមិជាច្រើន ក៏បានដឹងរឿងនេះ ថាឪពុកតែងតែធ្វើទារុណកម្ម លើកូននោះ ជាបន្តបន្ទាប់មក៕PC