ដោយៈ គន្ធា- ទេព មង្គល / ភ្នំពេញៈ នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្នុងនាមជា តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ច ប្រជុំកំពូល “មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២” តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ សហប្រធាន លោក ង្វៀន សួន ហ្វ៊ុក (Nguyen XuanPhuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ម៉ូន ចេ អ៊ីន (Moon Jae-In) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ។
លើប្រធានបទ “ការពិនិត្យឡើងវិញ លើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណ រដ្ឋកូរ៉េ និងទិសដៅអនាគត” ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គពិភាក្សាលើកិច្ចសហប្រតិ បត្តិការ រវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលមួយទសវត្សរ៍ ចុងក្រោយនេះ ដោយសម្រេចបាន នូវសមិទ្ធផល និងវឌ្ឍនភាព ជាសារវ័ន្តជាច្រើន ដូចជា “សេចក្តីប្រកាស ស្តីពីទន្លេមេគង្គ-ហាន ដើម្បីបង្កើតភាពជាដៃគូ សម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព”, “ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េ ២០១៧ – ២០២០”, កិច្ចសហប្រតិ បត្តិការ ពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺឆ្លង និងគ្រោះធម្មជាតិ និងគំនិតផ្តួចផ្តើមផ្សេងទៀត ក្នុងតំបន់មេគង្គ ជាដើម ។
ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ បានស្វាគមន៍ ចំពោះការអនុម័ត “ផែនការសកម្មភាព មេគង្គ-សាធារណរដ្ឋកូរ៉េថ្មី ២០២១-២០២៥”, និងលើកកម្ពស់“ គោលនយោបាយឆ្ពោះទៅ ទិសខាងត្បូងថ្មី” ទៅជា “គោលនយោបាយ ឆ្ពោះទៅទិសខាងត្បូងថ្មីបូក” ។
ដោយឈរលើស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការខ្ពស់ រវាងប្រទេស ក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំទាំងអស់ បានសម្តែងនូវ ការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការសម្រេចអនុម័ត “សេចក្តី ប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូល មេគង្គ-អាស៊ាន លើកទី ២” និងការជំរុញលើកកម្ពស់ “ភាពជា ដៃគូមេគង្គ-សាធារណរដ្ឋកូរ៉េ ” ឱ្យក្លាយជា “ភាពជាដៃគូ ដែលមានកម្រិត ជាយុទ្ធសាស្ត្រ ”។
ថ្នាក់ដឹកនាំនៃប្រទេស ក្នុងតំបន់មេគង្គ ក៏បានសម្តែងនូវការពេញចិត្ត និងគាំទ្រចំពោះ ការប្តេជ្ញាចិត្តរបស់លោក ម៉ូន ចេ អ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងការ៖ ១. ពង្រឹងសហប្រតិបត្តិការ ផ្នែកធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់នឹងជំងឺឆ្លង, ២. ពង្រឹងការតភ្ជាប់ប្រទេសក្នុងតំបន់ តាមរយៈការអភិវឌ្ឍវិស័យគមនាគមន៍, ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ (ដូចជា ទីក្រុងឆ្លាតវៃ, កសិដ្ឋានឆ្លាតវៃ និងវិស័យផ្សេងទៀត ជាដើម, និង ៣. ធ្វើជាដៃគូជាមួយ ប្រទេសក្នុងតំបន់មេគង្គ ក្នុងការធានា ការអភិវឌ្ឍសេដ្ឋ-កិច្ច និងសង្គមប្រកបដោយចីរភាព ជាពិសេសពាក់ព័ន្ធនឹង ធនធានទឹក ថាមពល និងសន្តិសុខស្បៀង ៕PC