ដោយៈ គន្ធា – ទេព មង្គល / ភ្នំពេញៈ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតី-តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកាឆ្នាំ ២០២០ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “មេគង្គ-ជប៉ុនលើកទី ១២” តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយសហប្រធាន លោក ង្វៀន សួន ហ្វ៊ុក (Nguyen XuanPhuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (YoshihideSuga) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។ នៃបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹង នៅក្នុងថ្ងៃនេះ។
ប្រភពដដែល បានឱ្យដឹងថាៈ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គបានពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការដើម្បីទ្រទ្រង់ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសតំបន់ ទន្លេមេគង្គទាំង៥និងជប៉ុន ។ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ បានវាយតម្លៃខ្ពស់លើ “យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ ២០១៨” និង “គំនិតផ្តួចផ្តើម មេគង្គ-ជប៉ុន សម្រាប់គោលនយោបាយ អភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ឆ្ពោះទៅកាន់ ឆ្នាំ២០៣០” ដែលបានផ្ដល់នូវលទ្ធផល ប្រកបដោយផ្លែផ្កា ជាក់ស្តែងជាច្រើន សម្រាប់ប្រទេសទាំង ៦ ព្រមទាំងបានបង្កើតមូលដ្ឋានគ្រឹះ ដ៏រឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការ និងដំណោះស្រាយ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។
ថ្នាក់ដឹកនាំមេគង្គ ក៏បានគិតគូរអំពី ការជំរុញជីវភាព រវាងគំនិតផ្តួចផ្តើមនានា ដែលក្នុងនោះមាន “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយេយ៉ាវ៉ាឌី – ចៅប្រ៉ាយ៉ា- មេគង្គ (ACMEC)” ក្នុងគោល បំណងបង្កើន នូវតំណភ្ជាប់ រវាងសេដ្ឋកិច្ច នៅក្នុងតំបន់ តាមរយៈការពង្រឹង រំហូរពាណិជ្ជកម្ម និងវិនិយោគ។
ប្រភពដដែល បានឱ្យដឹងទៀតថាៈ ក្រោមស្មារតី នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេសទាំង ៦ ថ្នាក់ដឹកនាំ បានអនុម័ត “សេចក្តីថ្លែងការរួម នៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១២” ។ ប្រទេសជប៉ុន ក៏បានបង្ហាញនូវ ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការគាំទ្រ និងពង្រឹងសហ ប្រតិបត្តិការ នៅក្នុងតំបន់ទាំងពីរ ដើម្បីធានាបាន នូវសន្តិភាព ស្ថេរភាព និងវិបុលភាព សម្រាប់ប្រជាជនទាំងអស់ និងបានសំដែង នូវការស្វាគមន៍ដ៏ក្តៅ ទុកជាមុន ដល់ថ្នាក់ដឹកនាំ នៃតំបន់មេគង្គទាំងអស់ ដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១៣” ដោយការជួបមុខគ្នាផ្ទាល់ នាទីក្រុងតូត្យូ នៅឆ្នាំ២០២១ ខាងមុខនេះ ៕PC