ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយ អូរខ្សាច់ ដែលមានប្រវែង ១៨ គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលឆ្លងមក សង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូល ទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹកកុំលិចលង់ នៅផ្លូវជាតិលេខ៤ និងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញបានមានប្រសាសន៍ ថាៈ ប្រឡាយអូរខ្សាច់ មានប្រវែង ១៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមពី ឃុំបែកចាន ក្នុងស្រុកអង្គ ស្នួល ខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្ត ហូរចូល ទៅក្នុងបឹងតាមោក តែម្ដង។
លោកបានបញ្ជាក់ថាៈ ប្រឡាយអូរខ្សាច់ ពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក តាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់ មកពីខេត្តកំពង់ស្ពឺ តាមអមផ្លូវជាតិ លេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួល ខាងលើ ប្រឡាយនេះ បានបង្វែរផ្លូវទឹក ទៅរកបឹងតាមោកតែម្ដង ដែលធ្វើឱ្យកាត់បន្ថយ នូវបរិមាណទឹក ដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឱ្យលិចលង់ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលកន្លងមក។
លោកបានបញ្ជាក់ទៀតថាៈ ប្រឡាយរំដោះទឹក ប្រវែង ១៨ គីឡូម៉ែត្រនេះ មានទទឹង ចាប់ពី ១០ ម៉ែត្រ ទៅ ១៥ ម៉ែត្រ អាស្រ័យទៅតាមស្ថានភាព ជាក់ស្ដែង នៃតួប្រឡាយ។
លោក ម៉ៅ ប៊ុនធឿន បានបន្តថាៈ ក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹក រាជធានីភ្នំពេញ ចាប់ផ្ដើមការដ្ឋាន កាលពីខែកក្កដា ២០២០ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់រួចរាល់ នៅរដូវប្រាំង ខាងមុខនេះ ពោលគឺ នៅពេលរដូវវស្សា ឆ្នាំ២០២១ មកដល់ ប្រឡាយអូរខ្សាច់ អាចដើរតួនាទីក្នុងការរំដោះ ទឹក បានតែម្ដង ដោយមិនឲ្យទឹកហូរ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឡើយ។
លោកក៏បានបញ្ជាក់ផងដែរថាៈ គិតមកដល់ពេលនេះ ប្រឡាយអូរខ្សាច់ សម្រេចបានជាច្រើន ភាគរយហើយ គឺនៅសល់ ១១ គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបញ្ចប់ការដ្ឋានទាំងស្រុង៕PC