ប្រែសម្រួលៈវាសនា/ហាណូយ៖ វៀតណាមកំពុងប្រឈមព្យុះទីហ្វុងឈ្មោះ វ៉ាមកូ(Vamco )ដែលនឹងត្រូវចូលមកដល់ឆ្នេរភាគកណ្តាលរបស់ខ្លួននៅថ្ងៃអាទិត្យ បន្ទាប់ពីវាបានសម្លាប់មនុស្ស៥៣នាក់នៅហ្វីលីពីន។
ជាមួយនឹងល្បឿនខ្យល់១៦៥គីឡូម៉ែត្រក្នុង១ម៉ោង វ៉ាមកូ ត្រូវគេព្យាករណ៍ថានឹងវាយប្រហារឆ្នេរវៀតណាមចាប់ពីខេត្ត ហាទីញ ដល់ ខេត្តក្វាង ង៉ាយ នេះបើតាមទីភ្នាក់ងារអាកាសធាតុរដ្ឋវៀតណាមប្រកាសអោយដឹងកាលពីថ្ងៃសៅរ៍។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន សួនហ្វ៊ុក បាននិយាយថា « នេះជាព្យុះខ្លាំងណាស់មួយ» ដូច្នេះបណ្តាខេត្តនៅចំមុខព្យុះនេះ ត្រូវត្រៀមខ្លួនទទួលផលប៉ះពាល់។
បណ្តាខេត្តភាគកណ្តាលវៀតណាមក្នុងពេលជាមួយគ្នា បានជម្លៀសមនុស្ស៤៦៨.០០០នាក់ ។
វៀតណាមជាប្រទេមួយងាយរងការវាយប្រហារពីព្យុះនិងទឹកជំនន់ ដោយសារឆ្នេរដ៏វែងរបស់ខ្លួន។តាមពិត វ៉ាមកូ ជាព្យុះទី១៣នៅឆ្នាំនេះដែលវាយប្រហារវៀតណាម កន្លែងដែលមនុស្សជាង១៦០នាក់បានស្លាប់ដោយគ្រោះធម្មជាតិបង្កឡើងដោយព្យុះជាបន្តបន្ទាប់ចាប់តាំងពីដើមខែតុលាមក។
នៅហ្វីលីពីនកាលពីថ្ងៃសៅរ៍ កងឆ្មាំសមុទ្រនិងទីភ្នាក់ងារគ្រោះមហន្តរាយកំពុងប្រញឹកដៃជើងជួយសង្គ្រោះមនុស្សរាប់ពាន់នាក់នៅក្នុងខេត្តភាគខាងជើងមួយ ក្រោយពីព្យុះទី២១ ឈ្មោះវ៉ាមកូវាយប្រហារកោះលូហ្សុនកាលពីថ្ងពុធនិងព្រហស្បតិ៍។
វ៉ាមកូ បានសម្លាប់មនុស្សយ៉ាងតិច៥៣នាក់ និងនាំអោយបាត់ខ្លួន២២នាក់ទៀតនៅហ្វីលីពីន៕
អ្នកនេសាទវៀតណាម ចងទូកជាប់នឹងច្រាំងក្នុងខេត្ត ក្វាង ទ្រី មុនព្យុះ វ៉ាមកូ ចូលមកដល់