កម្លាំងចម្រុះ​ជួយ​ជួសជុល​ផ្លូវ​ខេត្ត​ដែល​ខូចខាត​ដោយ​ទឹកជំនន់​ពី​ឫស្សី​ក្រោក​-​តា​ឡំ​

269

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កម្លាំងចម្រុះ​មន្ត្រីរាជការ​ស៊ីវិល និង​យុវជន នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​ចុះទៅ​ជួយ​ជួសជុល​ផ្លូវ​ខេត្ត ដែល​ខូចខាត​ដោយ​ទឹកជំនន់​ពី​ឃុំ​ឫស្សី​ក្រោក ទៅ​ឃុំ​តា​ឡំ ស្រុក​ម​ង្គ​ក​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​កងទ័ព នៃ​យោធភូមិភាគ​៥​ទិស​តំបន់​ខេត្តបន្ទាយមានជ័យ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កងពល​លេខ​៥១ នគរបាល​ខេត្ត ស្រុក​ឃុំ មន្ត្រីរាជការ​ស៊ីវិល​នៃ​អាជ្ញាធរ សមត្ថកិច្ច​និង​យុវជន ស​.​ស​.​យ​.​ក ជាច្រើន​នាក់ បានធ្វើការ​ជួសជុល​កំ​ណាត់​សម្រួល​ចរាចរណ៍​បណ្តោះអាសន្ន​។ ពិសេស ការធ្វើដំណើរ​ទៅ​ពេទ្យ​ទៅ​ផ្សារ ទៅ​សាលារៀន ការដឹកជញ្ជូន​ធុន​ស្រាល​… ទម្រាំ​ទឹក​ស្រក​អស់ទាំង​ស្រុង និង​មាន​ថវិកា​គុណប្រយោជន៍​ខេត្ត ដើម្បី​ស្តារឡើងវិញ​។​

​លោក អ៊ុ រាត្រី បាន​និយាយ​ត​ថា​៖ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់​(DBST) នេះ​សាងសង់​ជំ​ជំហាន​ទី​១ បាន​៣.០០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​។ ប៉ុន្តែ​នៅពេល​ស្ថា​នា​រួច ទើប​ចាប់ផ្តើម​ប្រើប្រាស់​កាលពី​ខែតុលា ឆ្នាំ​២០២០​។ ប៉ុន្តែ​ខណៈនោះ ទឹកជំនន់​ក៏បង្ក​លិចលង់ ហូរ​កាត់​ច្រោះ​បុក​ដាច់ ជា​កង់ៗ ដែលនាំអោយ​ការធ្វើដំណើរ​ឆ្លងកាត់​ស្ទើរតែ​មិនបាន​។ ហេតុនេះ អាជ្ញាធរខេត្ត​បាន​ប្រើ​កម្លាំង​មនុស្ស​ផ្សំ​នឹង​គ្រឿងចក្រ ដើម្បី​សម្រួលការ​ធ្វើដំណើរ​បណ្តោះ​អាសន្ន​សិន​៕