Home ព័ត៌មានជាតិ នយោបាយ លទ្ធផល​នៃ កិច...

លទ្ធផល​នៃ កិច្ចប្រជុំ​កំពូល អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៨ តាម​ប្រព័ន្ធ​វីដេអូ

ដោយៈ គ​ន្ធា​-​ទេព មង្គល / ភ្នំពេញៈ ក្នុងនាម​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​, អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៨ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លទ្ធផល​សំខាន់ៗ នៃ​កិច្ចប្រជុំ​កំពូល​នេះ មាន​ដូចខាងក្រោម​៖

​ឆ្នាំនេះ គឺជា​ខួប​លើក​ទី​៤៣ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​សហរដ្ឋអាមេរិក និង​ខួប​លើក​ទី​៥ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។ ថ្នាក់ដឹកនាំ​អាស៊ាន បាន​សម្តែង​ការអបអរសាទរ ចំពោះ​ការបោះឆ្នោត​ទូទៅ ដោយ​ជោគជ័យ នៅ​សហរដ្ឋអាមេរិក នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ និង​បាន​សម្តែង​នូវ​បំណង ដើម្បី​ធ្វើ​ឲ្យ​ភាពជា​ដៃគូ យុ​ទ្ឋ​សាស្ត្រ​ជាមួយ សហរដ្ឋអាមេរិក កាន់តែ​ស៊ីជម្រៅ ថែមទៀត​។​

​កិច្ចប្រជុំ បានកត់សម្គាល់ អំពី​ការរីកចម្រើន នៃ​ទំនាក់ទំនង រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក រួមមាន តាមរយៈ​ការអនុវត្ត​ពេញលេញ នូវ​ផែនការ​ការងារ ដើម្បី​អនុវត្ត​ភាពជា​ដៃគូ យុទ្ធសាស្ត្រ អាស៊ាន​- សហរដ្ឋអាមេរិក (២០១៦-២០២០) និង​ការអនុម័ត​ផែនការ​ការងារ​ថ្មី (២០២១-២០២៥)​។ ថ្នាក់ដឹកនាំ​អាស៊ាន បាន​កោតសរសើរ ការបន្ត​គាំទ្រ​របស់ សហរដ្ឋអាមេរិក ចំពោះ​ម​ជ្ឈ​ភាព​អាស៊ាន និង​កិច្ចខិតខំ​ប្រឹងប្រែង កសាង​សហគមន៍​អាស៊ាន និង​ពហុភាគី​និយម បូករួម​ទាំង​កិច្ចសហការ ក្នុង​ក្របខ័ណ្ឌ​ទស្សនវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​ក្នុង​កិច្ច​ស​ប្រតិបត្តិការ​សេដ្ឋកិច្ច ថ្នាក់ដឹកនាំ បាន​កោតសរសើរ ចំពោះ​ការងារ របស់​ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន​-​សហរដ្ឋអាមេរិក (USABC) ក្នុងការ​លើកស្ទួយ ទំនាក់ទំនង​កាន់តែ​រឹងមាំ​ថែមទៀត រវាង​សហគមន៍​ធុរកិច្ច នៃ​ភាគី​ទាំងពីរ​។ ថ្នាក់ដឹកនាំ មាន​ជំហរ​រួម អំពី​សារៈសំខាន់ នៃ​កិច្ចសហការ ដើម្បី​ធ្វើការ​ស្តារ​សេដ្ឋកិច្ច ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ ថ្នាក់ដឹកនាំ​អាស៊ាន បាន​ស្វាគមន៍ ការគាំទ្រ​របស់ សហរដ្ឋអាមេរិក ដល់​ការកសាង សហគមន៍​អាស៊ាន​មួយ ដែល​ផ្តោតលើ ប្រជាជន និង​យក​ប្រជាជន ជា​ស្នូល តាមរយៈ​កម្មវិធី​អប់រំ ការកសាង​សមត្ថភាព និង​កម្មវិធី​អភិវឌ្ឍ​នានា​។ ក្នុង​ស្មារតី​នេះ កិច្ចប្រជុំ បានអនុម័ត​សេចក្តីប្រកាស​រួម អាស៊ាន​-​អាមេរិក ស្តីពី​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​ក្នុងអំឡុងពេល​កិច្ចប្រជុំ កម្ពុជា បាន​សម្តែង​នូវ ការប្តេជ្ញាចិត្ត ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ និង​បាន​អំពាវនាវ ឱ្យមាន​កិច្ចសហការ ច្រើន​ថែមទៀត ពី​សហរដ្ឋអាមេរិក ក្នុង​ការកសាង​សមត្ថភាព សហគ្រិន​វ័យក្មេង ដើម្បីឱ្យ​ពួកគេ វិ​វត្ត​រីកចម្រើន និង​មាន​វិបុលភាព នៅក្នុង​យុគសម័យ​សេដ្ឋកិច្ច ឌីជីថល និង​ផ្តល់​ការយកចិត្តទុកដាក់ លើ​កិច្ចសហការ ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) និង​កម្មវិធី​អប់រំ ឌីជីថល​។​

​កម្ពុជា បាន​សង្កត់ធ្ងន់ថា ភាគី​ទាំងពីរ ចាំបាច់​ត្រូវ​បង្កើន​លំហូរ ពាណិជ្ជកម្ម និង​វិនិយោគ ទ្វេភាគី​ថែមទៀត តាមរយៈ​ការអនុវត្ត «​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម អាស៊ាន​-​សហរដ្ឋអាមេរិក ២០២០-២០២១»​។ កម្ពុជា បាន​លើកទឹកចិត្ត សហគមន៍​ធុរកិច្ច​អាមេរិក ឱ្យ​ពង្រីក​ការវិនិយោគ របស់​ពួកគេ នៅក្នុង​តំបន់​អាស៊ាន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...