ប្រែសម្រួល : កញ្ញាដាលីស/ហាណូយ ៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានខកខានចូលរួមកិច្ចប្រជុំកំពូលតាមអ៊ីនធឺណែតជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់លោកនៅថ្ងៃសៅរ៍នេះ (១៤ វិច្ឆិកា) ពោលគឺជាឆ្នាំទី ៣ ជាប់ៗគ្នាហើយ ដែលសហរដ្ឋអាម៉េរិកត្រូវបានតំណាងដោយមន្ត្រីថ្នាក់ទាប។
ទីប្រឹក្សាសន្តិសុខជាតិលោ ករ៉ូបឺត អូប្រាយអ៊ឹន បាននិយាយថា លោកត្រាំសោកស្តាយដែលលោកមិនអាចចូលរួមកិច្ចប្រជុំកំពូលតាមអ៊ីនធឺណេតជាមួយសមាជិកអាស៊ានទាំង ១០ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃចំណងទាក់ទងជាមួយតំបន់នេះ។
លោកអូប្រាយអ៊ឹនបាននិយាយក្នុងពិធីបើកកិច្ចប្រជុំ ដែលផ្សាយផ្ទាល់តាមអ៊ីនធឺណែតទៅកាន់សមាជិកអាស៊ានដែលមើលពីប្រទេសពួកគេរៀងៗខ្លួន យ៉ាងដូច្នេះថា “នៅគ្រានៃវិបត្តិសកលលោក ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាម៉េរិកនិងអាស៊ានកាន់តែមានសារៈសំខាន់ នៅពេលយើងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា”។
លោកត្រាំបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៧ ប៉ុន្តែបានបញ្ជូនតែអ្នកតំណាងក្នុងអំឡុងកិច្ចប្រជុំពីរលើកចុងក្រោយ។
កិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ានដែលគាត់សន្មត់ថាធ្វើជាម្ចាស់ផ្ទះនៅឡាសវេហ្គាសនៅខែមីនា ត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។
លោកត្រាំកំពុងមមាញឹកនឹងការតវ៉ាលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី០៣ ខែវិច្ឆិកាដែលឈ្នះដោយបេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃដិនដោយទទូចថាលោកជាជនរងគ្រោះនៃការលួចបន្លំសន្លឹកឆ្នោត។ ប៉ុន្តែប្រទេសភាគច្រើនបានទទួលស្គាល់ជ័យជម្នះរបស់លោកបៃដិនរួចទៅហើយ៕
លោកត្រាំខកខានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៣ឆ្នាំជាប់ៗគ្នា