ដោយ: ប.ជ័យ / បន្ទាយមានជ័យ: អាជ្ញាធរមានសមត្ថកិច្ច ចង់ឃើញណាស់ ដែលក្មួយៗ នឹងឆាប់បានក្លាយជាមនុស្សល្អ ពលរដ្ឋល្អ កូនល្អ មិត្តល្អ ហើយមានអនាគតល្អ ឡើងវិញ អោយកាន់តែឆាប់ តាមដែលអាចធ្វើបាន ក្រោយពេលបន្សាបសារធាតុញៀន នៅក្នុងខ្លួនបានសម្រេចនោះ។ នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកស្រី ជ័យ ណារី ជាភរិយា ព្រមទាំងមន្ត្រីក្រុមការងារ នៅថ្ងៃត្រង់ នាថ្ងៃនេះ បានទៅផ្តល់កម្លាំងចិត្ត និងផ្តល់អាហារ ដល់ជនស្តារនីតិសម្បទា ឬជនរងគ្រោះ ដែលបាននឹងកំពុងបន្សាបគ្រឿងញៀន នៅមណ្ឌលជីវិតថ្មី ភ្នំបាក់ ស្ថិតនៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលគ្រប់គ្រងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្ត។
លោកអភិបាលខេត្តបន្ទាយមានជ័យ នាឱកាសនោះ បានអប់រំ ក្រើនរំលឹកដល់ជនស្តារនីតិសម្បទាទាំងអស់ ឱ្យមានឆន្ទៈ និងស្មារតី ខិតខំប្រឹងប្រែងអនុវត្ត តាមវិន័យរបស់សមត្ថកិច្ច នៅមណ្ឌល ហើយមានជំនឿចិត្ត ក្នុងស្តារកសាងខ្លួន អោយក្លាយជាជន មានសម្បាទារឹងមាំ ដើម្បីនឹងឆាប់បានសម្មាហរណកម្ម ទៅក្នុងសហគមន៍ ជួបជុំគ្រួសារឡើងវិញ។
លោក ភា ម៉ានិត អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ ទទួលជាប្រធានមណ្ឌលជីវិតថ្មី ភ្នំបាក់ បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកានេះថាៈ ជនរងគ្រោះ ឬជនស្តារនីតិសម្បទា ក្នុងមណ្ឌលនេះ មានចំនួន ៨៣៤ នាក់ ក្នុងនោះមានស្រី ៤០ នាក់៕ ល