ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅរសៀលថ្ងៃទី១៤ខែវិច្ឆិកានេះសមត្ថកិច្ចបានយកដីកាទៅបិទនៅអតីតស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីកោះហៅមនុស្សចំនួន ៦៨នាក់ ផ្សេងទៀត ឲ្យចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ លើសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
រូបថតៈនៅរសៀលថ្ងៃទី១៤ខែវិច្ឆិកានេះសមត្ថកិច្ចបានយកដីកាទៅបិទនៅអតីតស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីកោះហៅមនុស្សចំនួន ៦៨នាក់ ផ្សេងទៀត ឲ្យចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ លើសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍
នៅក្នុងសំណុំរឿងនេះ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ សមត្ថកិច្ចក៏បានយកដីកាបង្គាប់ឱ្យលោកសម រង្ស៊ី និងបក្ខពួកចូលខ្លួនចំនួន៤៦នាក់ទៅកាន់ចូលសវនាការនៅថ្ងៃទី២៦ខែវិច្ឆិកាទៅបិទនៅស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ។
សរុបនៅក្នុងសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ គឺមានមនុស្សសរុបចំនួន ១១៥នាក់ ត្រូវបានកោះឲ្យចូលខ្លួនទៅក្នុងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។
ដីកាកោះឲ្យមេទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួកចំនួន ១១៤នាក់ ចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា គឺចេញដោយលោក សេង ហៀង ព្រះរាជអាជ្ញារងណៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមាសភាពចៅក្រមជំនុំជម្រះនៅថ្ងៃទី២៦ ខែវិច្ឆិការួមមាន : លោករស់ ពិសិដ្ឋប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកកើតសាំង ចៅក្រមប្រឹក្សាជំនុំជម្រះ លោកអ៊ឹម វណ្ណៈ ចៅក្រមប្រឹក្សាជំនុំជម្រះ។
លោកគុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកសម រង្ស៊ី និងបក្ខពួកចំនួន ១១៤នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗទៀតកាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមមាត្រា ៤៥៣ : បទរួមគំនិតក្បត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ២០ឆ្នាំ ប្រសិនបទល្មើសត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ។ មាត្រា ៤៩៥ : បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ត្រូវដាក់ពន្ធនាគារពី ៦ខែ និងពិន័យជាប្រាក់ ១លានរៀល ទៅ ៤លានរៀល៕សរន
រូបថតៈនៅរសៀលថ្ងៃទី១៤ខែវិច្ឆិកានេះសមត្ថកិច្ចបានយកដីកាទៅបិទនៅអតីតស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីកោះហៅមនុស្សចំនួន ៦៨នាក់ ផ្សេងទៀត ឲ្យចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ លើសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍