ដោយ: ពៅនិមល/ភ្នំពេញ: គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការស្ទូង-ព្រោះ សម្រេចបានចំនួន២ ៧៩០ ៨២៩ហិកតា ស្មើនឹង១០៧,៨៣ភាគរយ នៃផែនការ២ ៥៨៨ ១៣០ហិកតា ច្រើនជាងឆ្នាំមុនចំនួន៥៩ ៤៩១ហិកតា។ នេះតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងសារាចរណែនាំ ស្តីពីវិធានការជំរុញការស្តារឡើងវិញនូវការខូចខាតដំណាំកសិកម្មដោយគ្រោះទឹកជំនន់រដូវវស្សាឆ្នាំ២០២០ ចុះនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លទ្ធផលសម្រេចបានខាងលើ ដំណាំស្រូវនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន បានទទួលរងគ្រោះដោយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាបន្តបន្ទាប់បានបង្កផលប៉ះពាល់លើផ្ទៃដីផលិតកម្មស្រូវចំនួន៣១០ ៥១៤ហិកតា ដែលក្នុងនោះបណ្តាលឱ្យមានការខូចខាតចំនួន ១២៧ ១២១ហិកតា។
លោកបន្តថា ក្នុងគោលបំណងធានាបានសន្តិសុខស្បៀង និងសម្រេចបបានូវគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្កររបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងស្តារការខូចខាតលើដំណាំកសិកម្មដោយគ្រោះរាំងស្ងួត និងទឹកជំនន់ឆ្នាំ២០២០នេះ ក្រសួងបានសហការយ៉ាងសកម្មជាមួយគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងភ្នាក់មូលដ្ឋាន ចុះអន្តរាគមន៍ចែកគ្រាប់ពូជស្រូវចំនួន៦ ៤៣៤,៣តោន និងគ្រាប់ពូជបន្លែចំនួន ៥៥៨ ២៤៧កញ្ចប់ (៩៣ ០៤១ឃីត) ជូនប្រជាកសិករដែលបានទទួលរងគ្រោះក្នុងរាជធានី-ខេត្តចំនួន១៩។
នៅក្នុងសារាចរខាងលើនេះ ក្រសួងបានណែបានណែនាំឱ្យគ្រប់អង្គភាពជំនាញក្រោមឱវាទ និងមន្ទីរកសិកម្មរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តនូវវិធានការចាំបាច់មួយចំនួន ដូចជា៖ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ ត្រូវចាត់មន្ត្រីបច្ចេកទេសបន្តចុះតាមដាន និងអប់រំកសិករដែលបានទទួលគ្រាប់ពូជដំណាំអំពីបច្ចេកទេសប្រើប្រាស់គ្រាប់ពូជ បច្ចេកទេសដាំដុះ ថែទាំ និងវិធានកម្ចាត់សមាសភាពចង្រៃដើម្បីធានាការប្កើនទិន្នផលឱ្យបានខ្ពស់ជាអតិបរមា និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងត្រូវជំរុញឱ្យកសិករបង្កើនការយកចិត្តទុកដាក់លើការថែទាំស្រូវដែលទើបស្ទូង-ព្រោះស្តារឡើងវិញ និងស្រូវដែលមិនរងផលប៉ះពាល់ខូចខាតតាមរយះការគ្រប់គ្រងទឹកឱ្យបានល្អ ការកម្ចាត់ស្មៅ ការដាក់ជីបំប៉ន និងទប់ស្កាត់ការបំផ្លាញពីសំណាក់សមាសភាពចង្រៃដែលអាចកើតមានជាយថាហេតុ….។
ដោយឡែក សម្រាប់ការត្រៀមលក្ខណៈបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២០ ត្រូវរៀបចំផែនការផលិតកម្មឱ្យបានច្បាស់លាស់ ដោយពិនិត្យទៅលើស្ថានភាពប្រភពទឹក និងបរិមាណទឹកដែលមាននៅតាមតំបន់នីមួយៗ ព្រមទាំងទឹកទុកសម្រប់ការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីចៀសវាងការខ្វះទឹកស្រោចស្រពនៅចុងរដូវ បណ្តាលឱ្យថយចុះទិន្នផល ឬបាត់បង់ទិន្នផលស្រូវទាំងស្រុង, ត្រូវបំផុសឱ្យកសិករប្រើប្រាស់ពូជស្រូវស្រាលមិនប្រកាន់រដូវដែលមានរយះពេលលូតលាស់ខ្លី និងប្រើប្រាស់គ្រាប់ពូជមានគុណភាពល្អ និងគ្មានសមាសភាពចង្រៃសម្រាប់ធ្វើការដាំដុះ និងរៀបចំផែនការចុះផ្សព្វផ្សាយបច្ចេកទេសដាំដុះ និងវិធានការទប់ស្កាត់ និងកម្ចាត់សមាសភាពចង្រៃ….៕