ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គណបក្សនយោបាយចំនួនបី គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោកកែម រិទ្ធិសិត បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាដោយដាក់ឈ្មោះថា “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ (ស.ប.ខ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)”។ ការប្រកាសជាផ្លូវការនៃការចងសម្ព័ន្ធភាពនេះ នឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីការប្រកាសចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំងបីរួច គឺសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នឹងបើកជំហរគ្រប់គណបក្សនយោបាយទាំងអស់ដើម្បីចូលរួម។
គោលបំណងនៃការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺដើម្បីបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ។ ហើយគណបក្សទាំងបី គឺមានគោលដៅដូចគ្នា និងរឹតចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។
បើតាមប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជាថា ចំពោះសមាសភាពក្បាលម៉ាស៊ីនដឹកនាំសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺលោកម៉ម សូណង់ដូ ជាប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ លោកញឹក ប៊ុនឆៃ ជាអនុប្រធាន លោកគុជ លី (អនុប្រធានគណបក្សខ្មែរ តែមួយ) អគ្គលេខាធិការ។
លោកម៉ម សូណង់ដូ បានថ្លែងប្រាប់រស្មីកម្ពុជាថា ការចងសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរ គឺត្រូវធ្វើឲ្យបានគង់វង្សល្អ ហើយចង់បានលេខបូក ដោះស្រាយបញ្ហាសង្គមឲ្យមានភាពយុត្តិធម៌។ “…បើសិនជាយើងបានជោគជ័យហើយ បានសន្តិភាពហើយ បើសិនជាយើងមិនធ្វើលេខបូកទេ យើងនៅតែមានគំនិតចង់ធ្វើលេខសង ចង់ចាញ់ចង់ឈ្នះ ចង់ដណ្តើមតួនាទីគ្នា គឺជំហរវាមិនរឹងមាំ។ យើងធ្វើដំណើរការដើម្បីលេខបូក យើងមិនធ្វើលេខសងដូចពួកសម រង្ស៊ី ទេ។ ប៉ុន្តែអ្វីដែលយើងមាន យើងត្រូវតែទទួលស្គាល់ គោរព យកទៅអនុវត្ត ក្នុងទិដៅធ្វើលេខបូក”។
លោកសូណង់ដូបានបន្តថា ការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺធ្វើជាគំរូដោយចាប់ផ្តើមធ្វើពីគណបក្សបី គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ។ គណបក្សទាំងបីមានគោលនយោបាយប្រហាក់ប្រហែលគ្នា និងទិសដៅដូចគ្នាទាក់ទងរឿងជាតិ សន្តិភាព និងយុវជន។ ហើយក៏មានការលើកឡើងអំពីសន្ធិសញ្ញាសន្តិភាព ២៣ តុលា ផងដែរ។
លោកបានបញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះ គឺគណបក្សទាំងបីមិនច្របាច់បញ្ចូលគ្នាទេ ដោយគណបក្សនិមួយៗ រក្សាទុកនៅដដែល ពោលគឺមិនច្របាច់ចូលគ្នាតែមួយ ហើយក៏មិនរំលាយគណបក្សទាំងបីចូលគ្នាដែរ។ ហើយអ្វីដែលធ្វើនេះ គឺមានបំណងចង់ឲ្យគណបក្សនយោបាយនានាចូលរួមជាមួយសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ។
ចំណែកលោកគុជ លី អនុប្រធានគណបក្សខ្មែរតែមួយ មានថ្លែងប្រាប់រស្មីកម្ពុជាថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នឹងចេញជារូបរាងនៅពេលឆាប់ៗខាងមុខនេះ ដោយគណបក្សទាំអបីបានស្រុះស្រួលគ្នាអស់ហើយ។
រីឯលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕