ដោយ បូរិន /ភ្នំពេញៈ តារាសម្តែងមាត់មុខដូចកូនកាត់បរទេស ទេព កញ្ញា បើទោះបីជាសម័យកូវីដ១៩ក៏ដោយក៏នាងមិនទម្លាក់ដៃឡើយក្នុងការស្រវាទីផ្សារការងារនិងឱកាសល្អៗជាច្រើន ដើម្បីក្លាយខ្លួនជាតារាស្រីឈានមុខនៅកម្ពុជា។
តារាស្រីមានសម្បុរសខ្ចីរូបនេះ មានស្នាដៃជាច្រើនក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ជាច្រើន នាងបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា នាងពិតជាត្រេកអរនសប្បាយចិត្តជាខ្លាំងដែលនាងទទួលបានតំណែងតួឯកស្រីក្នុងរឿងភាគថ្មី “ស្រមោលជីវិត” របស់ស្ថានីយទូរទស្សន៍លេខ៥ ។អ្វីដែលពិសេសសម្រាប់នាងនោះ នាងបានប៉ះគ្នាជាមួយនឹងតួឯកប្រុស ណាខុន ។
តារាស្រីរូបនេះ បាននិយាយថា សម្រាប់រឿងភាគថ្មីដែលនឹងចេញថតចុងឆ្នាំនេះ ហើយនឹងត្រៀមចាក់បញ្ចាំងនៅ២០២១ខាងមុខ។ “ស្រមោលជីវិត”ដែលគ្រងបានតួឯកស្រីលេងប៉ះគ្នាជាមួយលោក ណាខុន នោះនាងសន្យាខំប្រឹងបញ្ចេញសមត្ថភាពឱ្យអស់ខ្លួនដើម្បីធានាធ្វើយ៉ាងណារឿងភាគខ្មែរមួយនេះ ល្អមើលទាំងគុណភាពនិងបច្ចេកទេស។ នាងក៏សូមអគុណដល់អ្នកគាំទ្រ ដែលតែងតែស្រលាញ់ពេញចិត្តចំពោះស្នាដៃរបស់នាងកន្លងមក មិនថារឿងខ្លីៗ ឬ រឿងភាគលើកញ្ចក់ទូរទស្សន៍មួយណាឡើយ។
សូមបញ្ជាក់ អ្នកគាំទ្ររបស់នាងលាន់មាត់ និង សរសើរចំពោះតារាស្រីស្អាតរូបនេះ មិនត្រឹមតែស្អាត និង ពូកែសម្តែងនោះទេ ថែមទៀតចេះច្រៀងបង្ហាញពីទេពកោសល្យរបស់នាងធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ។
សូមរំលឹកថា តារាសម្តែង ទេព កញ្ញា មុនថ្ងៃខួបកំណើតឆ្នាំ២០២០នេះ នាងបានធ្វើរឿងល្អមួយដោយនាងទៅជួបក្មេងៗជនពិការលើកទឹកចិត្តជូនអំណោយ។សកម្មភាពរបស់នាងដែលចេញទៅជួបក្មេងៗជនពិការនៅអង្គការសាមគ្គីធម៌ម៉ារីស្តបកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានអ្នកគាំទ្រនាងនិងមហាជនសរសើរចំពោះទឹកចិត្តល្អរបស់នាង ដែលចេះឱកាសមុនថ្ងៃខួបកំណើតឆ្នាំនេះ ធ្វើបុណ្យនិងការចែករំលែកសេចក្តីស្រលាញ់៕