Home ព័ត៌មានជាតិ នយោបាយ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍

ដោយៈ ម៉េង​ឆៃ​/ ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ព្រះ​កុរ​ណា ព្រះបាទ​សម្តេច​ព្រះបរមនាថ សម្ដេចព្រះ នរោត្តម សីហមុនី បាន​យាង​ដឹកនាំ​ប្រារព្ធ​ពិធី​បុណ្យខួប លើក​ទី​៦៧ នៃ​ទិវា​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​១៩៥៣​។ វិធានការ​បង្ការ និង​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាមរយៈ​ការពាក់​ម៉ាស និង​រក្សា​គម្លាត​បុគ្គល ជាដើម​។ ក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​៦៧ ឆ្នាំនេះ ក៏​ចូល​ពី​ថ្នាក់ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន និង​បណ្ដា​អង្គទូត​នានា ប្រចាំ​កម្ពុជា​ផងដែរ​។​


​កាលពី​រសៀល​ថ្ងៃទី​៩​វិច្ឆិកា ជា​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​២ លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្រុមគ្រូពេទ្យ បាន​យក​សំណាក​សម្តេច និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ និង​អ្នក​នៅជាប់​សម្តេច​ទាំងអស់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ជា​លើក​ទី​២​។ ជា​លទ្ធផល គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​។ សូម​រម្លឹកថា អ្នក​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ដែលជា​ថ្ងៃ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គឺមាន​តែម​នុស្ស ៤​នាក់​ប៉ុណ្ណោះ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​។​

​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សាលារៀន និង​ការរីក​រាលដាល ចូលក្នុង​សហគមន៍ កាលពី​ថ្ងៃទី​៨​វិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាស​បិទ​សាលារៀន ២​សប្តាហ៍ និង​បិទ​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​។ ក្នុងនោះ ក្រសួងសុខាភិបាល ក៏បាន​ប្រកា​សបិទ KTV ក្លិប​កំសាន្ត រោងភាពយន្ត និង​សារមន្ទីរ នៅ​ទូទាំងប្រទេស ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ជាស​កល នៅពេលនេះ​។ រីឯ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការបណ្ដុះបណ្ដាល នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទី​រួម​ខេ​ត្ក​កណ្ដាល រយៈពេល ២​សប្តាហ៍​ផងដែរ​។

​កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​កម្ពុជា បាន​ផ្ញើ​សារ​ពិសេស​បន្ទាន់​ជា​សំឡេង អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទាក់ទង​នឹង​កូ​វីដ​១៩ និង​មិនត្រូវ​ភ័យ​ស្លន់ស្លោ​ទេ ព្រោះ​កម្ពុជា​អាច​គ្រប់គ្រង​បាន ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី​០៣​វិច្ឆិកា​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ជាថ្មី ឲ្យ​រឹតបន្តឹង​លើ​ការធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា បានដាក់​ចេញ​នូវ​វិធានការ​សំខាន់ៗ ១០​ចំណុច​។ ក្នុងនោះ ក្រសួងសុខាភិបាល បញ្ជាក់ថា ចំពោះ​អ្នក​មិន​អនុវត្តតាម​វិធានការ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​។​

​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ស្តីពី ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ក្នុង​សហគមន៍​នៅ​កម្ពុជា​។ នោះ​គឺ​រក្សា​គម្លាត​បុគ្គល​ម្នាក់ៗ យ៉ាងតិច ១,៥​ម៉ែត្រ ពាក់​ម៉ាស់ ចៀសវាង​អោបថើប ចាប់ដៃ និង​មិនត្រូវ​ចូលរួម​ពិធី​ជួបជុំ បុណ្យទាន ដែលមាន​មនុស្ស​ច្រើន​ជាដើម​។​

​កាលពី​ថ្ងៃទី​១១​វិច្ឆិកា សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ចេញ​ម៉ាស ចំនួន ២​លាន​ម៉ាស​ក្រណាត់ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​ក្រីក្រ នៅក្នុង​រាជធានី​ភ្នំពេញ​។ នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យក​ម៉ាស​ទាំងនោះ ចែកជូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត ក្នុង​សហគមន៍​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​។ ក្រៅពីនោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចែក​ម៉ាស​ទាំងនោះ ជូន​ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ នៅតាម​ផ្លូវ​នានា ដើម្បី​ចូលរួម​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ ផងដែរ​។

​ក្នុង​សារ​ជូន​បងប្អូន​ជនរួមជាតិ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្មីៗ​នេះ មាន​មនុស្ស​អាក្រក់​មួយចំនួន បាន​បំផុស​ពាក្យ​ច​ចាម​អារាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​។ ប៉ុន្តែ ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​បាន​បញ្ជាក់ថា នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។​

​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា គឺ​ចូលដល់​ថ្ងៃទី​១០​ហើយ បើ​រាប់​ពីថ្ងៃ ដែល​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួល​ជួប​ប្រាស្រ័យ​ការងារ ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក ភី​ត ធឺ ស៊ី​ចា​តូ (Péter Szijjártó ) ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ក្នុងពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​សុខាភិបាល លោក ប្រាក់ សុខុន បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១២​វិច្ឆិកា​ថា លោក និង​ក្រុមគ្រួសារ មាន​សុខភាព​ជាធម្មតា​ទេ​។ លោក​ប្រមុខ​ការទូត​កម្ពុជា ក៏បាន​លើក​បង្ហាញ​ពី​គុណសម្បត្តិ​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី ដែល​តែង​ហ៊ាន​ចេញមុខ​ការពារ​កម្ពុជា លើ​បញ្ហា EBA នៅ​សហភាព​អឺរ៉ុប​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...