ប៉ូលិស​ចិន​ស្នើ​ប៉ូលិស​កម្ពុជា​ជួយ​ការពារ​អ្នកវិនិយោគិន​ចិន​នៅ​កម្ពុជា​

1751
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន
​ជួបពិភាក្សា​ការងារជាមួយ​លោក LIAO JINRONG អគ្គនាយក នៃ​អគ្គនាយកដ្ឋាន
​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជួបពិភាក្សា​ការងារជាមួយ​លោក LIAO JINRONG អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០១៨ នេះ នៅ​អគ្គស្នងការនគរបាល​ជាតិ​។​

បន្ទាប់ពី​ជំនួប​ចប់ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា នៅក្នុង​ជំនួប​ពិភាក្សា លោក LIAO JINRONG បានជម្រាបជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អំពី​គោលបំណង​ដែល​លោក​មក​កម្ពុជា គឺ​ក្នុង​គោលបំណង​ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ចិន មក​កម្ពុជា​នៅក្នុង​ខែឧសភា ខាងមុខនេះ តើ​នឹង​ផ្តោតទៅលើ​បញ្ហា​អ្វីខ្លះ​។ ​លោកបាន​បញ្ជាក់ថា ចិន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​សហការ​ជាមួយ​កងកម្លាំង​អនុវត្ត​ច្បាប់​របស់​កម្ពុជា​បន្តទៅ​ទៀត ដើម្បី​រួមចំណែក​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របស់​ប្រទេស​ទាំងពីរកម្ពុជា ចិន​។​

លោក LIAO JINRONG បានបញ្ជាក់​ជំហរ​ថា ទាក់ទង​អ្នកវិនិយោគ​ចិន ប្រជាពលរដ្ឋ​ចិន​មក​រស់​ស៊ី​នៅ​កម្ពុជា ត្រូវតែ​គោរព​តាមច្បាប់ តាម​ប្រពៃណី ទំនៀមទម្លាប់​របស់​ក​ម្ពុ​ជា ហើយ​បើ​មាន​អ្នកប្រព្រឹត្តខុសច្បាប់​នៅ​កម្ពុជា គឺ​សូម​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ ដោយ​មិនមាន​ការយល់​យោគ​។ ប៉ុន្តែ​លោក​បាន​សូម​សំណូម ពរ ដោយសារ​មាន​អ្នកវិនិយោគ​ចិន​មក​ច្រើន សូម​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​រក្សា​សុវត្ថិភាព​ឲ្យ​ពួកគាត់​ផង ដើម្បី​បង្កលក្ខណៈ​ធ្វើ​វិនិយោគ ក្នុងការ​រួមចំណែក​ដ​ល់​កម្ពុជា​ផងដែរ​។​

​ជាការ​ឆ្លើយ​ប​តប នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់ថា អគ្គស្នងការ​នគរបាល​ជាតិ នៅតែ​បន្ត​ស្មារតី​សហការ​ល្អ ជាមួយ​ក្រសួង​សន្តិសុ​សាធារណៈ​ចិនដើម្បីរួមគ្នា​ការពារផលប្រយោជន៍​សន្តិសុខ​ជាតិ​ទាំងសងខាង​។ ដោយសារ​ទំហំ​វិនិយោគ​ដ៏​ធំ​របស់​ប្រជាជន​ចិន ទាំងទេសចរ​មក​កម្ពុជា​កាន់​តែ​ច្រើន។ ដូច្នេះ​ទំហំ​នៃ​ការការពារ ក្របខណ្ឌ​នៃ​ការផ្តលសេវា​សន្តិសុខសាធារណៈ​ទៅ​ឲ្យ​ពួកគាត់​វិញ ក៏​កាន់​​តែ​ធំ​ដែរ​។

​លោក​បាន​បន្តថា យើង​បាន​មើលឃើញ​សក្តានុពល​អភិវឌ្ឍន៍ នៃ​ខេត្ត​ព្រះសីហនុ អគ្គស្នងការ​នគរបាល​ជាតិ ក៏​កំពុងតែ​រៀបចំ​ផែនការ វិធានការ​ដើម្បី​ផ្តោតទៅលើ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ច្បាស់លាស់ រឹងមាំ សុវត្ថិភាព នៅ​ខេត្ត​ព្រះសីហនុ និង​ប្តេជ្ញា​បន្ត​ការផ្លាស់ប្តូរ​ព័​ត៌​មាន និង​ការសហការ​ជាមួយ​ទៅវិញទៅមក​ដើម្បី​បង្ក្រាប​បទល្មើស​៕​មន

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន
​ជួបពិភាក្សា​ការងារជាមួយ​លោក LIAO JINRONG អគ្គនាយក នៃ​អគ្គនាយកដ្ឋាន
​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម