ដោយ:សរិទ្ធ/ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ តែជាអកុសលត្រូវរថយន្តដឹកខ្សាច់ដែលបើកបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង និងកិនពីលើបណ្ដាលឲ្យ បែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច រួចរថយន្តបង្កបានបើកគេចបាត់ស្រមោលទៅ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលើដងផ្លូវ៦០ម៉ែត្រចម្ងាយពីច្រមុះជ្រូលក្បាលថ្នល់ប្រមាណ១៥០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តដឹកខ្សាច់មិនចាំស្លាកលេខបើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD 8942 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បណ្ដាលឲ្យដួលរួចរថយន្តកិនចំក្បាលធ្លាយខួរស្លាប់គួរឲ្យន្ធត់ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់គេចដោយសុវត្ថិភាព៕