ប្រែសម្រួលៈវាសនា/បាងកក៖ ស្តេចថៃ មហា វិជ្ជរ៉ាឡុងកន បានប្រាប់ទៅកាន់អ្នកគាំទ្រអំពីសារសំខាន់នៃឯកភាពជាតិ នៅពេលទ្រង់យាងធ្វើជាអធិបតីនៃការបើកដំណើរការផ្លូវរថភ្លើងថ្មីមួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកប្រឆាំងតវ៉ារាប់ពាន់នាក់ បានបែរខ្នងដាក់ក្បួនរថយន្តរបស់ព្រះអង្គ នៅពេលវាបើកឆ្លងកាត់កណ្តាលក្រុងបាងកក។
បាតុករប្រមាណ២.៥០០នាក់ បានជួបជុំគ្នានៅវិមានប្រជាធិបតេយ្យក្នុងក្រុងបាងកក ក្នុងបាតុកម្មចុងក្រោយមួយក្នុងការតវ៉ាទាមទារចំណាស់រាប់ខែរបស់ពួកគេ ដើម្បីអោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង សរសេររដ្ឋធម្មនុញ្ញឡើងវិញ និងកែទំរង់របបរាជានិយម។
ពួកបាតុករបានឡើងយកក្រណាត់គ្រប់កំពូលវិមាននេះជាមួយនឹងសាររៀបរាប់សារទុក្ខនិងការជេរប្រមាថ នៅពេលពួកអ្នកប្រឆាំងតវ៉ាស្រែកថា«ត្រូវតែកំទេចភាពផ្តាច់ការ លទ្ធិប្រជាធិបតេយ្យគួរលើកតំកើង»។
នៅពេលក្បួនរថយន្ត ស្តេចនិងមហាក្សត្រិយានី បើកកាត់ក្បែរនោះ ពួកគេបានបែរខ្នង និងលើកម្រាមដៃ៣ដើម្បីជាតំណាងលទ្ធិប្រជាធិបតេយ្យ និងច្រៀងបទភ្លេងជាតិ ក្នុងការបង្ហាញការមិនគោរពស្តេចចុងក្រោយរបស់ក្រុមនេះ។
ទោះជាយ៉ាងណា ព្រះមហាក្សត្រត្រូវបានទទួលស្វាគមន៍ដោយអ្នកគាំទ្រនៅពេលទ្រង់យាងទៅដល់ពិធីសម្ពោធផ្លូវដែកនៅខាងលិចក្រុង។នៅទីនោះមនុស្សពាក់អាវពណ៌លឿងរាប់ពាន់នាក់បានគ្រវីទង់ជាតិ និងស្រែកថា«ជយោ ព្រះមហាក្សត្រ»។
សូមបញ្ជាក់ថា ព្រះបរមរាជវាំងថៃមិនបានប្រតិកម្មយ៉ាងណាទេចាប់តាំងការប្រឆាំងតវ៉ាចាប់ផ្តើម តែស្តេចកាលពី២សប្តាហ៍មុនបានមានបន្ទូលថា ព្រះអង្គនៅតែស្រឡាញ់អ្នកប្រឆាំងតវ៉ា និងថាប្រទេសថៃឡង់ដ៍ ជាទឹកដីនៃការស្រុះស្រួលមតិ៕