ដោយ: គន្ធា-ទេព មង្គល / ភ្នំពេញ: ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “អាស៊ានបូកបី លើកទី ២៣” តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ង្វៀន សួន ហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ថ្នាក់ដឹកនាំនៃអាស៊ានបូកបី បានពិភាក្សា និងបញ្ជាក់នូវ ការប្តេជ្ញាចិត្តរបស់អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ តាមរយៈការគាំទ្រ និងការចូលរួមចំណែក របស់ប្រទេសបូកបី ចំពោះគំនិតផ្តួចផ្តើមនានា សំដៅជួយដោះស្រាយបញ្ហាបន្ទាន់ ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ និងសម្រាប់អនាគត ដូចជា៖ “កិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM)”, “ការបង្កើតមូលនិធិអាស៊ានឆ្លើយតបជំងឺ កូវីដ-១៩” និង “ការស្តុកបម្រុងបរិក្ខារវេជ្ជសាស្ត្រចាំបាច់នានារបស់អាស៊ានបូកបី សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ” ។
ឈរលើស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការខ្ពស់ រវាងអាស៊ានបូកបី, អង្គប្រជុំ បានបង្ហាញនូវការគាំទ្រ និងឆន្ទៈរួមយ៉ាងមុតមាំលើការស្រាវជ្រាវ, អភិវឌ្ឍន៍ និងផលិតវ៉ាក់សាំង ឱ្យសម្រេចបាន នាពេលឆាប់ៗនេះ ក៏ដូចជា ការចែកចាយវ៉ាក់សាំងនេះ ឱ្យបានទាន់ពេលវេលា ក្នុងតម្លៃសមស្រប សម្រាប់ប្រជាជនទាំងអស់គ្នា ។ ថ្នាក់ដឹកនាំនៃ អាស៊ានបូកបី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមជួយជ្រោមជ្រែងរបស់ប្រទេសបូកបី ក្នុងការជំរុញការស្តារ និងការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ តាមរយៈការបើកចំហររំហូរពាណិជ្ជកម្មសេរី, វិនិយោគ និងការស្តារឡើងវិញ នៃខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ ។ ក្នុងន័យនេះ, ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃស្អែក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ គឺជាសក្ខីភាពជាក់ស្តែង នៃសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ ប្រទេសអាស៊ានបូកបីនេះ ក្នុងការជំរុញកំណើន, ការលើកកម្ពស់ ភាពរឹងមាំ និង ភាពធន់នៃសេដ្ឋកិច្ចបន្ថែមមួយកម្រិតទៀត ។ នៅក្នុងដំណាក់កាល នៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញនេះ ថ្នាក់ដឹកនាំអាស៊ានបូកបី ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃការតភ្ជាប់នៅក្នុងតំបន់ និង នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ដែលនឹងក្លាយទៅជាសសរស្តម្ភដ៏ចម្បង នៃការអភិវឌ្ឍប្រកបដោយចីរភាព ។
ជាលទ្ធផល, ក្រោមស្មារតីសាមគ្គីភាព, ការរក្សាបាននូវស្មារតី និងយន្តការពហុភាគីនិយម និងការរួបរួមជាថាមពលភាព ក្នុងការដោះស្រាយបញ្ហាកម្រិតតំបន់ និងសកល, ថ្នាក់ដឹកនាំអាស៊ានបូកបី ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈយន្តការដោះស្រាយ បញ្ហានានា ដោយសន្តិវិធី, ការអនុលោមតាមគោលការណ៍ នៃច្បាប់អន្តរជាតិ និងការរំសាយអាវុធនុយក្លេអែរ នៅឧបទ្វីបកូរ៉េ ។ ស្របគ្នានេះដែរ, ថ្នាក់ដឹកនាំអាស៊ានបូលបី បានឯកភាពគ្នា ចំពោះការបង្កើត “ក្រុមការងារអាស៊ានបូកបី ដោះស្រាយជំងឺរាតត្បាត”, “ការស្តុកបម្រុងបរិក្ខារវេជ្ជសាស្ត្រចាំបាច់នានារបស់អាស៊ានបូកបី សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ” និងការដាក់ចេញនូវ “សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបីសម្រាប់ភាពរឹងមាំសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពេលប្រឈម ទៅនឹងបញ្ហាកើតមានឡើង” ដើម្បីបង្កើនសមត្ថភាព និងពង្រឹងសហប្រតិបត្តិ- ការជំរុញដល់ការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងបញ្ហាប្រឈមដទៃទៀត នៅក្នុងតំបន់ និងសកល នាពេលអនាគត ៕