Home ព័ត៌មានជាតិ នយោបាយ កិច្ចប្រជុំ​ក...

កិច្ចប្រជុំ​កំពូល​អា​ស៊ិ​បួ​ព៌ា​លើក​ទី​១៥ វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ អន្ដរជាតិ រវាង​ប្រទេស​នៅក្នុង​តំបន់ និង​ភាគី​ពាក់ព័ន្ធ​​ដទៃទៀត​

​ដោយ​: គ​ន្ធា – ទេព មង្គល / ភ្នំពេញ​: ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា​, នា​ល្ងាច​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈ​​ប្រតិភូ​ជាន់ខ្ពស់ បន្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី ១៥ តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្ដីការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ កិច្ចប្រជុំ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​លោក ង្វៀន សួន ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី ១៥ បាន​ផ្តោត​ការពិភាក្សា​ទៅលើ​ការពង្រឹង​ស្មារតី​សាមគ្គីភាព និង កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩, ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ តាមរយៈ​ការប្រកាន់​ជំហរ​ពាណិជ្ជកម្ម​សេរី និង​ការតភ្ជាប់​ឡើងវិញ នូវ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ផលិតកម្ម ក៏ដូចជា រំហូរ​វិនិយោគ នៅក្នុង​តំបន់ ។​

​ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​ការអនុវត្ត​យន្តការ នៅក្នុង​តំបន់​ដែលមាន​ស្រាប់​ដូចជា “​ផែនការ​សកម្មភាព​ទីក្រុង​ម៉ានីល (២០១៨-២០២២)” និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម ថ្មីៗ ដូចជា ការបង្កើត​ប្រព័ន្ធ នៃ​ការព្រមាន​ទុកជាមុន (Early Warning System) ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាត​ត្បាត​, កិច្ចសហប្រតិបត្តិការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​, និង​ការបង្កើន​វប្បធម៌ ចែករំលែក នៅក្នុង​តំបន់​ចំពោះ​បច្ចេកវិទ្យា​, ចំណេះដឹង និង​ជំនាញ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត ក៏ដូចជា ការស្តារ​សង្គម​-​សេដ្ឋកិច្ច ឡើងវិញ ។​

​ថ្នាក់​ដឹក នាំ នៃ​ប្រទេស អាស៊ី​បូព៌ា បាន​សម្ដែង​នូវ​ការគាំទ្រ និង​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការកសាង​អនាគត​មួយ​ប្រកប ដោយ​សន្តិភាព​,​វិបុលភាព​, ស្ថេរភាព​, ចីរភាព និង​បរិ​យា​ប័ន្ន ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ពហុភាគី​និយម និង​ការដោះស្រាយ​បញ្ហា​សកល ដោយ​សន្តិវិធី ស្របតាម​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ ។ ក្នុង​ស្មារតី​នេះ​, ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា បាន​គាំទ្រ​នូវ​ការរក្សា​សុខសន្តិភាព និង​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅក្នុង​ឧប​ទ្វីប​​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា នៅ​តំបន់​វិវាទ​ដទៃទៀត ។ ជាមួយគ្នានេះ​, ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា បាន​គូសបញ្ជាក់ ពី​សារសំខាន់ នៃ​ការស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការកំណត់​ថា​វ៉ាក់សាំង​នេះ នឹង​ក្លាយជា “​ទំនិញ សាធារណៈ​សកល (Global Public Goods)” ដែល​នឹង​ត្រូវបាន​ចែកចាយ​ដោយ​សមធម៌ និង​ក្នុងតម្លៃ​សមរម្យ ។ ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា ក៏បាន​សម្តែង​នូវ ឆន្ទៈ​មោះមុត​ក្នុងការ​ប​ម្លែ​ង​វិបត្តិ​នេះ ឱ្យក្លាយ​ទៅជា​ឱកាស​នៃ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​បរិបទ​នៃ​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ និង​រឹងមាំ ។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី ១៥, ថ្នាក់ដឹកនាំ​អាស៊ី​បូព៌ា បានសម្រេច​អនុម័ត​ឯកសារ​សំខាន់​ចំនួន ៥៖ ១. “​សេចក្តីថ្លែងការណ៍​ទីក្រុង​ហាណូយ ស្តីពី​ខួប​អនុស្សាវរីយ៍​លើក​ទី ១៥ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​”, ២. “​សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្តីពី​ចីរភាព​សមុទ្រ​”, ៣. “​សេចក្តី​ប្រកាស​​​​របស់ ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្តីពី​ការពង្រឹង​សមត្ថភាព​រួម ក្នុងការ​បង្ការ និង ការឆ្លើយតប​ចំពោះ​ជំងឺ​រាតត្បាត​”, ៤. “​សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្តីពី​សហប្រតិបត្តិការ​ក្នុងការ​បង្កើន​កំណើន​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រកបដោយ​ស្ថិរភាព​” និង ៥.“​សេចក្ដីប្រកាស របស់​ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្ដីពី ស្ត្រី​, សន្តិភាព និ​សន្តិសុខ​” ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...