ដោយៈរ៉ាម៉ន/ភ្នំពេញៈក្រោយម្ចាស់ភូមិគ្រឹះបូមទឹកចេញអស់ នាម៉ោ១១ព្រឹកថ្ងៃទី១៥វិច្ឆិកានេះ សពស្ត្រីត្រូវផ្ទះកញ្ចក់លំហែរកាយកំពស់២ជាន់មួយនៅជាប់មាត់ស្រះក្នុងភូមិគ្រឹះរបស់ឧកញ៉ាម្នាក់បាក់ស្រុតចូលក្នុងស្រះទឹកសង្កត់លើនោះត្រូវបានរកឃើញ។
ស្ត្រីរងគ្រោះមានឈ្មោះហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ សព្វថ្ងៃស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១០កន្លះព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុកតែម្តង។
ប្រជាពលរដ្ននៅក្បែរភូមិគ្រឹះខាងលើបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពួកគាត់ឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចក់នោះដែរ តែមិនចាប់អារម្មណ៍ នឹកគិតថាគេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់។ ហើយទីតាំងកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ ក្រៅពីសមត្ថកិច្ច មិនអនុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងក៏រកមិនឃើញរហូតដល់ម៉ោង១១ព្រឹកថ្ងៃទី១៥វិច្ឆិការនេះទើបសមត្ថកិច្ចរុករកឃើញ៕