ប្រែសម្រួលៈវាសនា/ហាណូយ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតក្នុងលោក ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យទី១៥ វិច្ឆិកា ដោយមេដឹកនាំនិងតំណាង១៥ប្រទេសក្រោយពីពិភាក្សាបង្កើតវាអស់ពេល៨ឆ្នាំ។
កិច្ចព្រមព្រៀងពាណិជ្ជមានឈ្មោះថា «ភាពជាដៃគូសេដ្ឋកិច្ចពិស្តារតំបន់(RCEP)»នឹងបើកចំហពាណិជ្ជកម្មទំនិញនិងសេវា ព្រមទាំងការការពារនៅក្នុងវិស័យដូចជា ពាណិជ្ជកម្មអេឡិចត្រូនិចនិងកម្មសិទ្ធបញ្ញា។
ប្រទេសចូលរួមតំណាងអោយសេដ្ឋកិច្ចពិភពលោកប្រមាណ៣០ភាគរយ និងប្រជាពលរដ្ឋពិភពលោក១ភាគ៣។ពួកគេរួមមានសមាជិកអាស៊ាន១០ប្រទេស ដៃគូសំខាន់ៗ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
ថ្លែងនៅជំនួបកំពូលRCEPមុនការចុះហត្ថលេខា នាយករដ្ឋមន្ត្រី សិង្ហបុរី លី សៀនឡុង បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជា«ការបោះជំហានទៅមុខធំមួយសំរាប់ពិភពលោក ចំពេលពហុភាគីនិយមថមថយកម្លាំង និងកំណើនសកលយឺត»។
លោកបានបន្ថែមថា « វាបង្ហាញសញ្ញានៃការតាំងចិត្តរួមគ្នារបស់យើងដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ប្រទាក់ក្រឡានិងបើកចំហ ព្រមទាំងជំរុញពាណិជ្ជកម្មអោយកាន់តែសេរីឡើងនិងការពឹងពាក់គ្នាជិតស្និទ្ធឡើង ជាពិសេសក្នុងពេលពិភពលោកប្រឈមកូវីដ១៩ ដែលនាំអោយប្រទេសជាច្រើនងាកមកផ្តោតលើការងារផ្ទៃក្នុងនិងក្រោមសម្ពាធគាំពារនិយម»។
ចំណែកនាយករដ្ឋមន្ត្រីចិន លី ឃឹឈាំង បាននិយាយថា« តាមពិតក្រោយការពិភាក្សាបង្កើតអស់៨ឆ្នាំ RCEPត្រូវបានចុះហត្ថលេខាដោយនាំមកពន្លឺនិងក្តីសង្ឃឹម ចំពេលមានពពកបិទបាំងខ្លះនៅក្រោមកាលៈទេសពិភពលោកបច្ចុប្បន្ន។វាបង្ហាញថា ពហុភាគីនិយមគឺជាផ្លូវត្រឹមត្រូវ និងតំណាងទិសដៅត្រូវនៃសេដ្ឋកិច្ចសកលនិងការរីកចំរើនរបស់មនុស្សលោក»។
កិច្ចព្រមព្រៀងRCEPត្រូវបានចុះហត្ថលេខាតាមអនឡាញដោយមេដឹកនាំប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ រួមមានមេដឹកនាំអាស៊ាន១០ ព្រមទាំងអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់នៅផ្នែកនៃជំនួបកំពូលអាស៊ានលើកទី៣៧ ដែលវៀតណាមធ្វើជាប្រធាននៅក្រុងហាណូយ។
វាតំរូវអោយប្រទេសហត្ថលេខី រក្សាទីផ្សារបើកចំហសំរាប់ទំនិញនិងសេវា ព្រមទាំងការវិនិយោគ សម្របសម្រួលច្បាប់ប្រភពទំនិញក្នុងក្នុងចំណោមអ្នកចូលរួមទាំងអស់និងពង្រឹងវិធានការសម្រួលពាណិជ្ជកម្ម។វាក៏នឹងផ្តល់ឱកាសសំរាប់អភិវឌ្ឍបណ្តាញផ្គត់ផ្គង់ថ្មីនៅក្នុងតំបន់។
កិច្ចព្រមព្រៀងបញ្ចុះពន្ធនិងបើកចំហពាណិជ្ជកម្មសេវានៅក្នុងប្លុកប្រទេសហត្ថលេខី(មិនបញ្ចូលអាម៉េរិក)នេះត្រូវបានគេមើលើញថាជាជំរើសមួយសំរាប់ចិនប្រជែងនឹងគំនិតផ្តួចផ្តើមពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកដែលឥឡូវលែងដំណើរការទៅហើយ។
បើតាម លោកអាឡិចសង់ឌ័រ កាព្រី អ្នកជំនាញពាណិជ្ជកម្មនៅសកលវិទ្យាល័យជាតិសិង្ហបុរី RCEPនឹងពង្រឹងមហិច្ឆតាភូមិសាស្ត្រនយោបាយតំបន់របស់ចិន ជុំវិញគំនិតផ្តួចផ្តើម«ខ្សែក្វាត់និងផ្លូវ»។វាជាផ្នែកផ្សំមួយ។
តែប្រទេសហត្ថលេខីជាច្រើនដែលកំពុងប្រវេប្រវានឹងការផ្ទុះជំងឺកូវីដ១៩ហើយសង្ឃឹមថាRCEPនឹងអាចជួយសម្រាលថ្លៃចំណាយសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងកូវីដ១៩។ឥណ្ឌូនេស៊ីបានធ្លាក់ចូលក្នុងកំណើនអវិជ្ជមានជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២ទសវត្សរ៍មកនេះ ហើយសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះ១១,៥ភាគរយនៅត្រីមាសចុងក្រោយ។
កិច្ចព្រមព្រៀងRCEPនឹងចូលជាធរមាននៅពេលប្រទេសអាស៊ាន៦ប្រទេស និងដៃគូ បានអោយសច្ចាប័នលើកិច្ចព្រមពៀងនេះ៕
តំណាងប្រទេស RCEP បានទះដៃអបអរបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅជំនួបកំពូលអ៊ានកាលពីថ្ងៃ១៥វិច្ឆិកា