ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំងៈដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកលេងកម្សាន្តនៅរមណីយដ្ឋានភ្នំសន្ទូច ដែលភ្ញៀវទេសចរណ៍តែងតែមើលរំលងទៅហួសមកហួសនោះ ឥឡូវនេះត្រូវបានកែលម្អឡើងវិញ គ្រាដែលអាជ្ញាធរ ស្រុក-ឃុំ រៀបចំកាប់ឆ្ការព្រៃ ធ្វើផ្លូវ ឡើងភ្នំ និងបង្កើតសហគមន៍ថែរក្សាឲ្យមានសោភ័ណភាព និងមានសេវាកម្មចំណីអាហារ វត្ថុអនុស្សាវរីយ៍ ទាក់ទាញភ្ញៀវទេចរណ៍ឡើងវិញ។
អភិបាលស្រុករលាប្អៀរ លោក យ៉ង់ សៅវុទ្ធី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់ឱ្យដឹងថា ដោយយោងតាមសេចក្តីណែនាំរបស់អភិបាលខេត្តកំពង់ឆ្នាំងក៍ដូចជាមន្ទីរទេសចរណ៍ខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរឃុំស្រែថ្មី ដើម្បីធ្វើការប្រមូលផ្តុំកំលាំងមកធ្វើការកាប់ឆ្ការព្រៃនៅនៅតំបន់ភ្នំសន្ទូច ដើម្បីធ្វើឲ្យមានសោភ័ណភាពស្រឡះល្អឡើងវិញ ដោយធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេចរណ៍ ។
ពាក់ព័ន្ធនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ អភិបាលស្រុករលាប្អៀរ លោក យ៉ង់ សៅវុទ្ធី បានមានប្រសាសន៍ថា ដោយសារ មនុស្សម្នាមើលរំលង ធ្វើឱ្យរមណីយដ្ឋានភ្នំសន្ទូចបានស្ងប់ស្ងាត់មួយរយៈចុងក្រោយ ហើយបានក្លាយទៅទីកន្លែងមួយដ៏ស្ងាត់ជ្រងំ ហើយមានភ្ញៀវទៅមកលេងកម្សាន្តនៅថ្ងៃបុណ្យទានតិចតួចប៉ុណ្ណោះ។
ដោយសារស្ថាបភាពបែបនេះ ទើបអាជ្ញាធរខេត្តប្រញាប់ធ្វើការណែនាំ ឲ្យអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋចូលរួមកាប់ឆ្ការព្រៃខាងក្រោមៗ ដើម្បីធ្វើការកែលម្អរមណីយដ្ឋាននេះឡើងវិញ ដើម្បីស្រូបយកភ្ញៀវទេសចរណ៍ អោយមកលេងកំសាន្តក្នុងតំបន់របស់ខ្លួន ដោយរៀបចំបង្កើតឲ្យមាននូវសហគមន៍ទេចរណ៍ភ្នំសន្ទូច រៀបចំអោយមានកន្លែងលក់ដូរ មានកន្លែងសម្រាប់អង្គុយលេងកម្សាន្ត មានដាក់តាំងលក់វត្ថុអនុស្សាវរីយ៍ និងកែលម្អផ្លូវមួយចំនួន ដើម្បីបង្កើនអោយមានសោភ័ណភាពល្អប្រសើឡើងវិញផងដែរ ។
ចំណែកមេឃុំស្រែថ្មី លោក នូ ឃាន ក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិទាំង១២នៅក្នុងឃុំ ទាំងអស់បានសហការគ្នា ឡើងមកកាប់ឆ្ការព្រៃនៅតាមជើងភ្នំនេះពីក្រោមឡើងទៅដល់លើកំពូលភ្នំ ដោយកាប់ឆ្ការព្រៃតូចៗ ដែលមិនអាចបម្រើសេចក្តីត្រូវការបាន ហើយកិច្ចការនេះគឺរួមគ្នាធ្វើតែ១ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ដើម្បីកុំឱ្យខាតការងាររបស់ប្រជាពលរដ្ឋច្រើន ដែលគិតមកដល់ពេលនេះធ្វើបាន៦សប្តាហ៍រួចមកហើយ ។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានភ្នំសន្ទូច មានចម្ងាយពីទីរួមខេត្តតាមផ្លូវជាតិលេខ៥៣ ប្រមាណជា២គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយត្រូវបានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងដាក់បញ្ជូលជារម្មណីយ៍ដ្ឋាន ប្រវត្តិសាស្ត្រ និងមានរឿងព្រេងនិទានផងដែរ៕