ប្រែសម្រួលៈវាសនា/ហាណូយ៖ ព្យុះឈ្មោះវ៉ាមកូ( Vamco )បានធ្វើដំណើរមកដល់វៀតណាមកាលពីថ្ងៃអាទិត្យដោយបំផ្លាញអាគារនិងបង្ករបួសមនុស្សយ៉ាងតិច៥នាក់នៅពេលចំនួនមនុស្សស្លាប់ដោយសារព្យុះនេះនៅហ្វីលីពីនកើនដល់៦៧នាក់។
វ៉ាមកូ បានចូលដល់ដីគោកវៀតណាមកាលពីព្រឹកថ្ងៃអាទិត្យជាមួយនឹងល្បឿនខ្យល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាបានរំលំដើមឈើនិងធ្វើអោយប៉ើងដំបូលផ្ទះនិងសាលារៀន។
ដើមឈើរលំដោយកម្លាំងព្យុះវ៉ាមកូ នៅទីក្រុងវ៉េ ភាគកណ្តាលវៀតណាម
វ៉ាមកូ ជាព្យុះចុងក្រោយក្នុងចំណោមព្យុះជាងដប់ដែលបានវាយប្រហារវៀតណាមនៅឆ្នាំនេះ ដែលបានបង្កការជន់លិច និងការបាក់ដីម្លាប់មនុស្សយ៉ាងតិច១៥៩នាក់និងបាត់ខ្លួន៧០នាក់ទៀត។
របាយការណ៍ដំបូងមកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្ស៥នាក់រងរបួស ក្នុងពេលពួកគេព្យាយាមការពារផ្ទះរបស់គេពីការវាយប្រហាររបស់ខ្យល់។
វ៉ាមកូ បានចុះខ្សោយចាប់តាំងពីវាចូលដល់ដីគោកហ្វីលីពីន តែសារព័ត៌មានរដ្ឋវៀតណាមបាននិយាយថាវានៅតែអាចបង្កការខូចខាតធំដុំ។អាជ្ញាធរបានជម្លៀសមនុស្សជិត៦៥០.០០០នាក់ចេញពីបណ្តាខេត្តជាប់ឆ្នេរទៅកាន់ទីខ្ពស់ៗនិងមានសុវត្ថិភាពមុនពេលព្យុះមកដល់៕
វ៉ាមកូ បង្កការខូចខាតធ្ងន់ធ្ងរនិងសម្លាប់មនុស្ស៦៧នាក់នៅហ្វីលីពីន