Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្លូវ​ចំនួន​៣...

ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​សៀមរាប​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃទី​៣០​វិច្ឆិកា​២០២០​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ក្រសួង​ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​ការសាងសង់ ការ​ឈូសឆាយ​ផ្លូវ គ្រឿង​ចក្រ ទីតាំង​ដាក់​ប្រព័ន្ធ​លូ មន្ទីរពិសោធន៍​ក្នុងការ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះ​ស្រាយ ព្រមទាំង​មតិយោបល់​ទាក់ទង​នឹង​ការស្ថាបនា​នៃ​ខ្សែ​ផ្លូវ​ទាំង ៣៨​ខ្សែ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹងត្រូវ​សាងសង់ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ បែង​ចែកជា​កំណាត់ៗ ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់​ចាក់​បេតុង​កៅស៊ូ​សមស្រប​តាម​ទំហំ​ចរាចរណ៍​និង​ការដឹក​ទំនិញ​ធ្ងន់​ឬ​ស្រាល ដោយ​ផ្ដោតជាសំខាន់​លើ​គុណភាព ប្រសិទ្ធភាព​ជាមួយនឹង​ការបញ្ចប់​គម្រោង​ឱ្យបាន​ទាន់ពេលវេលា​តាម​ការគ្រោងទុក​។ ក្រុមការងារ​ក្រសួង​នឹងធ្វើ​ការចុះពិនិត្យ​តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ នេះ ដើម្បីឱ្យ​អង្គភាព​សាងសង់​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដា​បច្ចេកទេស ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​។

​លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹង​ដែរ​ថា អង្គភាព​ដែល​ទទួលយក​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​រួមមាន​៖ កងវិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប​កងវិស្វកម្ម​១០៨ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវ អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។​ការសាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ ក្នុងនោះ​៖ ប្រភេទ​ទីមួយ​ចាក់​បេតុង​កម្រាស់ ២៥​សង់ទីម៉ែត្រ ដូចជា​ផ្លូវ​វាង​ក្រុង ដោយ​កន្លែង​ខ្លះ​ចាក់​បេតុង តែ​មិន​អ៊ុត​បេតុង​កៅស៊ូ​(AC)​ពីលើ​ទេ ប្រភេទ​ទី​ពីរ​ចាក់​បេតុង​កម្រាស់ ២០​សង់ទីម៉ែត្រ និង​កន្លែង​ខ្លះ​កម្រាស់ ៧​សង់ទីម៉ែត្រ​យោងទៅតាម​ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ចរាច​រាណ៍ និង​ការដឹកជញ្ជូន ប្រភេទ​ទី​បី​ជួសជុល​គ្រឹះ មិនចាំបាច់​ចាក់​បេតុង​ហើយ​អ៊ុត​កៅស៊ូ​បេតុង​តែម្ដង និង​ប្រភេទ​ទី​បួន អ៊ុត​កៅស៊ូ​បេតុង​កម្រាស់ ១៥​សង់ទីម៉ែត្រ ពីលើ​តែម្ដង​ដោយសារ​គ្រឹះ​ផ្លូវ​នោះ​នៅមាន​ភាពរឹងមាំ​ស្រាប់​ទៅហើយ​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្តថា ការ​ចុះមក​ពិនិត្យ​ការពង្រីក​ផ្លូវ​លេខ​៦ ពី​រាជដំណាក់​ទៅ​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ផ្លូវបត់​ចូល​ព្រលានយន្តហោះ ពង្រីក​ជា ៦​គន្លង ៣​គន្លង​ទៅ ៣​គន្លង​មក ទ្រង់​ផ្លូវ ២​ម៉ែត្រ និង​ចិញ្ចើមផ្លូវ ៣​ម៉ែត្រ​សងខាង ជា​ថវិកា​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែង​ជិត ៦​គីឡូម៉ែត្រ ត្រូវបាន​ស្ថាបនា​ឡើងវិញ ប្រើពេល​សាងសង់​រយៈ​មួយឆ្នាំ នេះ​ជា​ដំណាក់កាល​ទី​២ ចំពោះ​ដំណាក់កាល​ទី​១ ពី​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទៅ​ស្រុក​ក្រឡាញ់ បាន​ស្ថាបនា​រួចហើយ​ក្រាល​បេតុង​កៅស៊ូ (AC) ឡើងវិញ និង​ដំណាក់កាល​ទី​៣ ពី​ស្រុក​ក្រឡាញ់ ទៅ​ក្រុង​សិរី​សោ​ភណ្ឌ ប្រភេទ​បេតុង​កៅស៊ូ (AC) បាន​ចុះហត្ថលេខា​រួចហើយ​ជាមួយ​ក្រុមហ៊ុន​សាងសង់​។ ចំពោះ​កំណាត់​ផ្លូវ​លេខ​៦ ពី​រាជដំណាក់ ទៅ​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នេះ​គ្រោង​ស្នើសុំ​សម្ដេច​បើក​ការដ្ឋាន​ជាមួយ​ផ្លូវ ៣៨​ខ្សែ​តែម្តង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...