ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ លោកបូរីស ចនសុនកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ជាមួយសមាជិកសភាម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានកូវីដ១៩។
យោងតាមអ្នកនាំពាក្យរបស់ការិយាល័យនាយករដ្ឋមន្ត្រីឱ្យដឹងថា នាយករដ្ឋមន្ត្រី ដែលចូលបន្ទប់សង្គ្រោះបន្ទាន់កាលពីខែមេសា “មានសុខភាពល្អ” ហើយមិនមានរោគសញ្ញាណាមួយនៃវីរុសកូរ៉ូណានោះទេ។
លោកចនសុនត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័កដោយក្រុមការងារធ្វើតេស្តនិងតាមដានរបស់ទីភ្នាក់ងារសុខភាពជាតិ (NHS) បន្ទាប់ពីចូលរួមកិច្ចប្រជុំរយៈពេល ៣៥នាទីជាមួយសមាជិកសភាមួយក្រុមតូចនៅវិមានរដ្ឋាភិបាល (Downing Street) កាលពីព្រឹកថ្ងៃព្រហស្បតិ៍រួមទាំងសមាជិកសភាសម្រាប់សង្កាត់អាស្វៀ លោក លី អែនឌឺសុន។
លោកអែនឌឺសុនបាននិយាយនៅលើហ្វេសប៊ុកថាលោកបានចាប់ផ្តើមមានរោគសញ្ញាកូវីដ១៩កាលពីថ្ងៃសុក្រ ហើយបន្ទាប់ពីធ្វើតេស្តកាលពីថ្ងៃសៅរ៍ក៏ទទួលបានលទ្ធផលវិជ្ជមាននៅព្រឹកថ្ងៃអាទិត្យទី១៥វិច្ឆិកា។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា”នាយករដ្ឋមន្ត្រីនៅថ្ងៃនេះត្រូវបានជូនដំណឹងដោយក្រុមការងារធ្វើតេស្តនិងតាមដានរបស់ទីភ្នាក់ងារសុខភាពជាតិថាគាត់ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងនាមជាជនមានទំនាក់ទំនងជាមួយអ្នកដែលតេស្តវិជ្ជមានកូវីដ១៩។ នាយករដ្ឋមន្ត្រីនឹងធ្វើតាមច្បាប់ និងកំពុងបង្ខាំងខ្លួនឯងនៅឯកោ។ លោកនឹងបន្តធ្វើការពីលំនៅដ្ឋាននៅវិមានរដ្ឋាភិបាល រួមទាំងការដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាត”៕
លោកបូរីសចនសុនធ្វើចត្តាឡីស័ក ក្រោយសមាជិកសភា លី អែនឌឺសុន តេស្តវិជ្ជមានកូវីដ១៩