ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកបានឈានដល់ខ្ទង់១១ លាននាក់កាលពីថ្ងៃអាទិត្យទី១៥វិច្ឆិកាដែលជាការឈានដល់ចំណុចសំខាន់គួរឱ្យកត់សម្គាល់មួយផ្សេងទៀត ខណៈដែលរលកទី ៣ នៃជំងឺកូវីដ១៩ បានផ្ទុះឡើងរឹតតែខ្លាំងពាសពេញប្រទេស នេះបើយោងតាមការរាប់ចំនួនសរុបរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទិន្នន័យរបស់រ៉យទ័របង្ហាញពីល្បឿននៃជំងឺរាតត្បាតនៅសហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងឆាប់រហ័ស ដោយមានករណីថ្មីចំនួន ១ លាននៅ៨ថ្ងៃមកនេះ។
សហរដ្ឋអាម៉េរិក ដែលរងគ្រោះខ្លាំងជាងគេដោយវីរុសកូរ៉ូណា បានឆ្លងចូលខ្ទង់ ១០ លានករណីកូវីដ១៩ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ហើយកំពុងរាយការណ៍ករណីជាង ១០ ម៉ឺនករណីប្រចាំថ្ងៃក្នុងរយៈពេល ១១ ថ្ងៃជាប់គ្នា។
ជាមធ្យមរយៈពេល ៧ ថ្ងៃចុងក្រោយបង្អស់បង្ហាញថាសហរដ្ឋអាម៉េរិកកំពុងរាយការណ៍អំពីករណីប្រចាំថ្ងៃជាង ១៤៤.០០០ ករណីនិងចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ១.១២០ នាក់ដែលជាចំនួនខ្ពស់បំផុតសម្រាប់ប្រទេសមួយនៅលើពិភពលោក។
រដ្ឋតិចសាស់និងកាលីហ្វ័រញ៉ាបានរាយការណ៍ចំនួនករណីកូវីដច្រើនជាងគេបំផុតនៅទូទាំងសហរដ្ឋអាម៉េរិក ដោយរួមបញ្ចូលគ្នាគឺមានប្រហែល ២,១ លានករណីឬប្រហែល ១៩ ភាគរយនៃករណីសរុប ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមផ្ទុះ។
យោងតាមការរាប់សរុបរបស់រ៉យទ័រ សហរដ្ឋអាម៉េរិកទទួលខុសត្រូវប្រហែល ២០ ភាគរយនៃករណីឆ្លងជាង ៥៤ លាននៅទូទាំងពិភពលោក និង ជិត១៩ ភាគរយននៃអ្នកស្លាប់ ១,៣១លាននាក់ទូទាំងសកលលោក៕
អាម៉េរិកមានអ្នកឆ្លងកូវីដ១៩ជាង ១៥៩.០០០នាក់កាលពីថ្ងៃសៅរ៍