ដោយៈ ញ៉ែម សុផល / ភ្នំពេញ៖ លោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណ:កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នារសៀល ថ្ងៃទី១៥ វិច្ឆកា ម្សិលមិញនេះ បានអញ្ជើញចុះចែកប័ណ្ណក្រីក្រ ជូនបងប្អូនប្រជាជន នៅក្នុងភូមិទាំង ៦ ក្នុងសង្កាត់ច្បារអំពៅ២ ដែលរងផលប៉ះពាល់ លើជីវភាពគ្រួសារ នៅក្នុងដំណាក់កាលកូវីដ-១៩ ចំនួន ៥៥ គ្រួសារ នៅសាលាសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងពិធីចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋនោះ លោកស្រី ឡោក ខេង បានមានប្រសាសន៍ថាៈ នេះគឺជាការចែកលើកទី៦ ហើយ ដើម្បីឱ្យបងប្អូនទទួលបាន នូវការឧបត្ថម្ភប្រាក់ប្រចាំខែ ពីរាជរដ្ឋាភិបាល។ លោកស្រី តំណាងរាស្ត្រ បានបញ្ជាក់ថា នៅក្នុងភូមិទាំង៦ ក្នុងសង្កាត់ច្បារ អំពៅទី២នេះ បានទទួលការឧបត្ថម្ភ ប្រចាំខែ ពីរាជរដ្ឋាភិបាល ចំនួនជាង ១.០០០ គ្រួសារ ។
លោកស្រី បានបន្តថាៈ បងប្អូនប្រជាពលរដ្ឋ បានឯកភាព និងបានប្តេជ្ញាចិត្ត ខិតខំការពារខ្លួន និងសហគមន៍ រស់នៅប្រកបដោយអនាម័យ ដើម្បីថែរក្សាសុខភាព អោយល្អកុំឱ្យមាន ហានិភ័យហិរញ្ញវត្ថុ នៅពេលឈឺ ទោះបីទទួលបានប័ណ្ណក្រីក្រ ពេលឈឺ មិនអស់លុយមែន ព្រោះរដ្ឋាភិបាល ជាអ្នកបង់ជំនួស ប៉ុន្តែយើងក៏ខាតបង់ ពេលវេលា ដើម្បីរកស៊ី ឬធ្វើការងារ ។
ទន្ទឹមនេះដែរ លោកស្រី ឡោក ខេង បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំអនុវត្តតាម វិធានការរបស់ក្រសួងសុខាភិបាល ឱ្យជាប់ជាប្រចាំ និងចេះជួយរំលឹកគ្នា ទៅវិញទៅមក នៅក្នុងសហគមន៍ កុំឱ្យភ្លេចកូវីដ ព្រោះកូវីដ អត់ភ្លេចយើងទេ ។ លោកស្រី ក៏បានលើកឡើងថា បងប្អូនទាំងអស់ ក៏បានទទួលម៉ាស់ ដែលអាចបោកទឹកបាន ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រប់ៗគ្នាផងដែរ ៕PC