ដោយៈ សរិទ្ធ / កណ្តាលៈ ករណីក្រុមចោរ ចូលលួចខោខូវប៊យ ក្នុងរោងចក្រ យីហោ ដេនីម អ៊ែប៊ីឡូ (ខេមបូឌា) ហ្គាមិន ស្ថិតនៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង កាលពីយប់ ថ្ងៃទី១៣ វិច្ឆិកា កន្លងទៅនេះ បានត្រូវសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល បើកការស្រាវជ្រាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីឈានទៅចាប់មុខសញ្ញា យកមកផ្តន្ទាទោស តាមច្បាប់។
ចំពោះការបាត់បង់ ដោយសារចោរកម្មនេះ មាន ខោខូវប៊យជើងវែង ចំនួន ៥.៦០០ ដែលគិតជាទឹកប្រាក់ ប្រមាណ ៤០.០០០ ដុល្លារអាម៉េរិក ។ ក្រុមចោរ ក៏បានបន្សល់ទុកកន្ត្រៃ ដងស្រោបជ័រ ពណ៌លឿង លាយបៃតងមួយ នៅនឹងកន្លែង ។
ប្រភពព័ត៌មាន បានរាយការណ៍ថា នៅម៉ោង ៦ ល្ងាច ថ្ងៃទី១៣ វិច្ឆិកា កម្មកររោងចក្រ បានចេញពីធ្វើការ ថែមម៉ោង និងបានបិទទ្វារឃ្លាំង រួចចេញទៅផ្ទះអស់ ។ លុះនៅថ្ងែទី១៤ វិច្ឆិកា វេលាម៉ោង ៦និង៤០ នាទីព្រឹក ពេលកម្មករ ចូលធ្វើការវិញ មានកម្មករម្នាក់ ឈ្មោះ ប៉ុម ពេជ្រ ដែលមានតួនាទី ជាប្រធានក្រុមវេចខ្ចប់ បានឃើញកាតុងវេចខ្ចប់ ខោខូវប៊យ មានសភាពរាយប៉ាយ ទើបដឹងថា មានចោរចូលលួច និងទូរស័ព្ទ ប្រាប់ប្រធានរដ្ឋបាល។
ភ្លាមនោះ ប្រធានរដ្ឋបាលរោងចក្រ បានទូរស័ព្ទ ទៅប្រាប់ប្រធានសន្តិសុខ ពីករណីចោរចូលលួចខោខូវប៊យ ។ លុះដល់ម៉ោង ៧និង៣០ នាទីព្រឹក ប្រធានរដ្ឋបាលរោងចក្រ មកដល់ និងត្រួតពិនិត្យមើល តាមទ្វារ និងបង្អួច ពុំឃើញមានស្នាមគាស់ទេ ។ លុះចូលទៅមើល ក្នុងឃ្លាំង ទើបឃើញមានស្នាមគាស់ ពិតាន និងដំបូល ក៏ទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញសកម្មភាពចោរ ចូលលួចខោ និងបានទូរស័ព្ទប្តឹង នគរបាលប៉ុស្តិ៍ឃុំត្រពាំងវែង ទៅពិនិត្យដល់ទីកន្លែង ៕