ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នេះជាការទទួលខុសត្រូវ ក្នុងការដោះស្រាយសម្រាល ទុក្ខលំបាករបស់ ប្រជាពលរដ្ឋរងគ្រោះ កន្លងមក។ ជាក់ស្តែង ក្នុង ២ ថ្ងៃកន្លងទៅនេះការគៀង គរបានអំណោយស្បៀងអាហារ បានបន្តនាំទៅចែកជូន ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ បើទោះបីទឹក បានស្រកជិតអស់ទាំងស្រុង ទៅហើយក៏ដោយ ។
នៅសង្កាត់ភ្នៀត ថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២០ ពលរដ្ឋបារាំង ដើមកំណើតខ្មៃរ នៅប្រទេសបារាំង តាមរយៈកញ្ញា សឿង ស៊ីថន ជាតំណាង និងលោក ហួត សាវឺ ចៅសង្កាត់ភ្នៀត ក្រុងសិរី សោភ័ណ បានផ្តល់អំណោយ ដល់ពលរដ្ឋ ១០០ គ្រួសារ នៅសង្កាត់នេះ ដោយទទួលបានអង្ករ ២០ គីឡូក្រាម មីមួយកេស ត្រីខមួយដុំ និងភួយមួយ សម្រាប់ក្នុង១គ្រួសារៗ ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក អន ស៊ុំ លេខាធិការ គណៈកម្មការទី៤ ព្រឹទ្ធសភា លោកឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ព្រមទាំងតំណាងរាស្ត្រ មណ្ឌលបន្ទាយមានជ័យ ៣ រូបផ្សេងទៀត និងមន្ត្រី អាជ្ញាធរដែនដី បានរួមគ្នា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋ ជួបការ លំបាក រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥៥ គ្រួសារ ក្នុងភូមិទាំង៥ ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមាជ័យ ដោយមួយគ្រួសារ ទទួលបានអង្ករ ២០ គីឡូក្រាម មីថៃ១កេះ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ថ្នាំលាបកមរមាស់ ។
នៅថ្ងៃដដែលនោះដែរ នាឃុំចង្ហារ ជិតខាង នៃស្រុកអូរជ្រៅ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងសហការី មន្ត្រីអាជ្ញាធរដែនដីបានចុះសំណេះ សំណាល សួរសុខទុក្ខ និងចែកអំណោយ ស្បៀងអាហារ ថវិកា ១ លើកទៀត ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ កន្លងមក នៅឃុំនេះ ចំនួន ១៥៣ គ្រួសារបន្ថែមទៀត។
រីឯនៅក្រុងសិរីសោភ័ណវិញ នាថ្ងៃចុងសប្តាហ៍ កន្លងទៅ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានចែកអំណោយស្បៀង ដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះ ដោយទឹកជំនន់ និងជនក្រីក្រ ចំនួន ៥០ គ្រួសារ នៅក្រុងនេះ ។
ឥស្សរជន មន្ត្រី បានរំលឹកបណ្តាំសួរសុខទុក្ខ ចែករំលែកការលំបាក ពីប្រមុខថ្នាក់ដឹកនាំ និងបានផ្តល់កម្លាំងចិត្ត ឱ្យបងប្អូនរងគ្រោះដោយទឹកជំនន់ កន្លងទៅ ខិតខំស្តារជីវភាពឡើងវិញ នៅពេលទឹកសម្រកនេះ ៕PC