SpaceX បញ្ជូន​អវកាសយានិក​៤​រូប​ទៅកាន់​ស្ថានីយ​អវកាស​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​អវកាស​យានិក​៤​រូប ត្រូវបាន​បញ្ជូន​តាម​យាន​Crew Dragon “Resilience​របស់​ក្រុមហ៊ុន​SpaceX​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​។​ទោះជា​ការបាញ់​​បង្ហោះ​លើកដំបូង តែ​អាម៉េរិក​សង្ឃឹមថា​បេសកកម្ម​បន្ត​បន្ទាប់​ទៀត​នឹង​មាន​នៅ​តាម​ក្រោយ​បន្ទាប់ពី​ការបាញ់​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​កាល​ពី​និទាឃ​រដូវ​។​

​ជនជាតិ​អាម៉េរិក​៣​នាក់ និង​ជប៉ុន​ម្នាក់​បាន​ចេញដំណើរ​នៅ​ម៉ោង​៧​និង​២៧​នាទី​យប់​ថ្ងៃអាទិត្យ ត្រូវជា​ព្រឹក​ថ្ងៃ​ចន្ទ ម៉ោង​នៅ​អាស៊ី ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​កេណ្ណ​ឌី​ក្នុង​រដ្ឋ​ផ្លរីដា ។​ការ​ចេញ​ដំណើរ​របស់​​យាន Dragon​បញ្ចប់​ការពឹង​លើ​យាន​Soyuz​រស់​រុស្ស៊ី​អស់​ពេល​រាប់​ទសវត្សរ៍​មក​នេះ​ដើម្បី​នាំ​អ្នក​អវកាស​អាម៉េរិក​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​។​

​ពួកគេ​នឹង​ទៅដល់​គោលដៅ​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​យប់​ថ្ងៃ​ចន្ទ ដោយ​ចូលរួម​ជាមួយ​អ្នក​អវកាស​រុស្ស៊ី​២​នាក់​និង​អាម៉េរិក​ម្នាក់​នៅ​ទីនោះ​ស្រាប់ ហើយ​ត្រូវ​ស្នាក់​នៅ​លើ​ស្ថានីយ​នេះ​៦​ខែ​។​

​ប្រធានាធិបតី​ជាប់ឆ្នោត​លោកចូ បៃ​ដិន បាន​អបអរ​ការបាញ់​បង្ហោះ​នេះ​តាម​ទ្វី​ត​ធឺ ដោយ​ចាត់ទុក​វា​ជា​«​ភស្តុតាង​នៃ​អំណាច​វិទ្យាសាស្ត្រ និង​អ្វី​ដែល​យើង​អាច​សំរេច​បាន​តាមរយៈ​ការប្រើប្រាស់​នវានុវត្តន៍​ សេចក្តីថ្លៃថ្នូរ​និង​ការប្តេជ្ញា​ចិត្ត​របស់​យើង » ។​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​ក្នុង​តំណែង ដូ​ណា​ល់ ត្រាំ បាន​ហៅ​វា​ថា​ព្រឹត្តិការណ៍ «​អស្ចារ្យ​»​។​

​អនុ​ប្រធានាធិបតី​ម៉ៃ ផេ​នស៍ ដែល​បាន​ចូលរួម​មើល​ការបាញ់​បង្ហោះ​នេះ​ផ្ទាល់​ជាមួយ​ភរិយា​លោក បាន​ហៅ​វា​ថា​ជា​«​យុគសម័យ​ថ្មី​មួយ​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​អវកាស​របស់​មនុស្ស​លោក​នៅ​អាម៉េរិក​»​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​ឧសភា SpaceX​បានសំរេច​បេសកកម្ម​សាកល្បង​មួយ ដោយ​បង្ហាញ​ថា​វា​អាច​នាំ​អ្នក​អវកាស​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​បាន និង​អាច​នាំ​ពួកគេ​វិល​មក​កាន់​ផែនដី​វិញ​​ដោយ​សុវត្ថិភាព​។​វា​ជា​ការអភិវឌ្ឍ​គួរអោយកត់សំគាល់​មួយ​ដែល​អនុញ្ញាត​អោយ​អាម៉េរិក​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានីយ​អវកាស​នៅ​ក្រោម​អំណាច​របស់​ខ្លួន​។​

​ក្រុមហ៊ុន​SpaceX​ដែល​បង្កើតឡើង​ដោយ​មហាសេដ្ឋី អេ​ឡុន ម៉ាសខ៍ នៅ​ឆ្នាំ​២០០២ បាន​វិវឌ្ឍ​លោត​ផ្លោះ​គូប្រជែង​ចាស់វស្សា​Boeing ដែល​កម្មវិធី​របស់​វា​មិន​ដំណើរការ​ក្រោយ​បរាជ័យ​ការសាកល្បង​យាន​​គ្មាន​មនុស្ស​ជិះ​Starliner កាលពី​ឆ្នាំមុន​៕  

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បូកសរុប​លទ្ធផល​ការងារ​ប្រ...

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​:...

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...