ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១៩៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា បានកើតឡើងចំនួន ១.៦៣៥លើក បណ្តាលឲ្យមាននុស្សស្លាប់៨២២នាក់, របួស ២.៤៨៣នាក់ ក្នុងនោះរបួសធ្ងន់ ១.៤៩៩នាក់។ដោយឡែកគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៥ ខែវិច្ឆិកាកើតឡើងចំនួន ៨លើក បណ្តាលឲ្យស្លាប់ប្រាំមួយនាក់ របួសប្រាំពីរនាក់(នោះរបួសធ្ងន់ ៤នាក់ និងស្រាល ៣នាក់)។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
រូបថតៈទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍មួយនាពេលថ្មីៗនេះ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថារីឯលទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៩៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២១៤.៩៨៦គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៥៨.៨៤០គ្រឿង និងរថយន្តចំនួន ៥៦.១៤៦គ្រឿង។
អ្នកនាំពាក្យដដែល បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់គ្មានស្លាកលេខនិងនិយាយទូរស័ព្ទពេលបើកបរ៕សរន
រូបថតៈទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍មួយនាពេលថ្មីៗនេះ