លោកតា​វ័យ​ជាង​៧០​ឆ្នាំ កើតការ​តូចចិត្ត​សម្រេច​ចងក​សម្លាប់ខ្លួន លើ​ដើម​ស្វាយចន្ទី​

1603
ចែករម្លែក

​ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: លោកតា​វ័យ​ជាង​៧០​ឆ្នាំ​ម្នាក់ បានសម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួនឯង សង្ស័យថា អស់សង្ឃឹម​និង​តូចចិត្ត​និង​កូនស្រី ដែល​មិន​បានមក​សួរសុខទុក្ខ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ករណី​ចងក​នេះ ត្រូវគេ​ប្រទះឃើញ​សព​នៅ​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​ចម្ការ​ស្វាយចន្ទី ភូមិ​ស្រែ​ខ្ទុ​ម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា សាកសព​ត្រូវគេ​ប្រទះឃើញ​ប្រើ​ខ្សែ​គោ​ចង​លើ​មែក​ស្វាយចន្ទី​ផុត​ជើង​កំពស់​ជាង​កន្លះ​ម៉ែត្រ​ដើម្បី​ចងក​។ នៅលើ​ដងខ្លួន​សាកសព មាន​ដណ្តប់ភួយ និង​មាន​ពាក់​ពិល​លើ​ក្បាល​។​

​ប្រភពពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ លុត ណោ​ញ អាយុ​៧២​ឆ្នាំ មាន​ប្រពន្ធ​អាយុ​ជាង​៦០​ឆ្នាំ រស់នៅក្នុង​គ្រួសារ​មាន​សមាជិក​បីនាក់ ក្បែរ​ទីតាំង​កើតហេតុ​។

​ប្រពន្ធ​ជនរងគ្រោះ​ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​មណ្ឌលគិរី​ថា អំឡុង​ថ្ងៃ​ចូលឆ្នាំ​កន្លងផុតទៅ ជនរងគ្រោះ​បាន​សុំ​ទៅលេង​កូនស្រី​នៅ​ខេត្តកំពង់ចាម តែ​រូបគាត់​បាន​ឃាត់​មិន​ឲ្យ​ទៅ ព្រោះ​សុខភាព​ជនរងគ្រោះ​មិនល្អ​។ ប្រពន្ធ​ជនរងគ្រោះ​បញ្ជាក់ថា នៅ​បញ្ចប់​ថ្ងៃ​ចូលឆ្នាំ​ទៅហើយ កូនស្រី​ក៏​មិនឃើញ​មកលេង​ឪពុកម្តាយ​សោះ ហើយ​ប្រហែល​គាត់​តូច​ចិត្តនឹង​ការឃាត់​មិន​ឲ្យ​ទៅលេង​ផង និង​កូន​មិន​មក​ផង ណាមួយ​មាន​ជំងឺ​ប្រចាំកាយ​ផង ទើប​នៅវេលា​ទៀបភ្លឺ​គាត់​ក៏​លួច​ទៅ​សម្លាប់ខ្លួន​តែម្តង​។

​នគរបាល​មូលដ្ឋាន បានធ្វើ​កោសល្យ​ពិច័យ​លើ​សាកសព​លោកតា​ចំណាស់ និង​បាន​សន្និដ្ឋានថា ពិតជា​ករណី​ចងក​ធ្វើអត្តឃាត​ពិតមែន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម