ត្រីមាស​ទីមួយ ឆ្នាំ​២០១៨ ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​កើនឡើង​ជាង​១០០​ភាគរយ

1787
ចែករម្លែក

​ដោយ : ពៅ និមល/ ​ភ្នំពេញ ៖ លោក ឱម តារា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា មានប្រសាសន៍ ថា ក្នុង​រយះពេល​ត្រីមាស​ទី​១ (​គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា​) ឆ្នាំ​២០១៨​នេះ ការចុះបញ្ជី​ក្រុមហ៊ុន សហគ្រាស​ថ្មី តាម​ប្រព័ន្ធ​អេឡិចត្រូនិក (​អន​ឡាញ​) ចំនួន​សរុប​៣.៥៤៥​។ នេះ​បើ​ប្រៀបធៀប​នឹង​រយះពេល​ដូចគ្នា ឆ្នាំ​២០១៧​កើនឡើង​ប្រមាណ​១៥៩​ភាគរយ​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ លោក​ប្រធាន​នាយកដ្ឋាន​ចុះបញ្ជី បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ការចុះបញ្ជីរ​តាម​អន​ឡាញ​នេះ ការចុះបញ្ជី​ដោយ​ដៃ បាន​បញ្ឈប់​ទាំងស្រុង​១០០​ភាគរយ ខណៈដែល​ពាណិជ្ជរ ម្ចាស់​ក្រុមហ៊ុន សហគ្រាស បាន​យល់ច្បាស់​អំពី ការងារ​នេះ​។ លើសពីនេះ​ពួកគាត់​អាច​បង់ប្រាក់​អន​ឡាញ​សម្រាប់​ថ្លៃ​ចុះបញ្ជី​បាន​យ៉ាង​ងាយ ដោយសារក្រសួង​បាន​សហការ​​​​​​​​ជាមួយ​ធនាគារពាណិជ្ជ​ជាច្រើន​ក្នុងស្រុក ដើម្បី​ឲ្យ​ម្ចាស់​ពាណិជ្ជកម្ម​ទាំងអស់​ងាយ ស្រួល​ក្នុងការ​បង់ថ្លៃ​សេវា​ពី​ទីកន្លែង​ណា​ក៏បាន​។​

ទាក់ទង​នឹង​ការចុះបញ្ជីរ​ខាងលើ លោក​ប្រធាន​លើកឡើង​បន្តថា គិត​មកដល់ពេលនេះ​ចំនួន​ក្រុមហ៊ុន សហគ្រាស​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​និង​ស្របច្បាប់​សរុប​ប្រមាណ​ជាង​០៦​ម៉ឺន​ក្រុមហ៊ុន សហគ្រាស​។ ទន្ទឹមនេះ​លោក​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន សហគ្រាស​ដែល​មិនទាន់បាន​ចុះបញ្ជី មេត្តា​ចុះ​តាម​ប្រព័ន្ធ អន​ឡាញ​ដែល​ចែង​ក្នុង​ច្បាប់​។ ប្រសិនបើ​ពាណិជ្ជករ​ណា​មិន​ព្រម​ចុះបញ្ជី ក្នុង​ច្បាប់​អាច​ចាត់ទុកថា​ជាការ ធ្វើ​អាជីវកម្ម​មិន​ស្របច្បាប់ ហើយនឹង​ត្រូវ​រង​ការប្តឹង​ពី​តុលាការ​អំ​ពីបទ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ដោយ​រង​ការ ផាកពិន័យ​ជា​ទឹកប្រាក់ ឬ​អាច​ជាប់ពន្ធនាគារ​ទៀតផង​។ ការលើកឡើង​បន្ថែម​របស់លោក​ប្រធាន​។​

​សូមបញ្ជាក់ថា ដំណើរការ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត (​អន​ឡាញ​) ក្រសួង ពាណិជ្ជកម្ម​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ដែល​ផ្តល់​អត្ថប្រយោជន៍ ជាច្រើន​ដល់​អ្នកប្រើប្រាស់ ដូចជា​៖ កាត់បន្ថយ​ការចំណាយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន​ពី​៥-៦​ថ្ងៃ មក​នៅត្រឹមតែ​រយះពេល​មួយ​ម៉ោង​, ផ្លាស់ប្តូរ​ការចុះបញ្ជី​ពី​ការប្រើ​ក្រដាស​ស្នាម​ទៅជា​ការចុះបញ្ជី​តាម​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​ទាំងស្រុង​, កាត់បន្ថយ​ការជួប​មុខ​ដោយផ្ទាល់​រវាង​មន្ត្រី​ក្រសួង​និង​អ្នកដាក់ពាក្យសុំ​ចុះបញ្ជី ពាណិជ្ជកម្ម​, អនុញ្ញាត​ឲ្យ​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ធ្វើការ​ចុះឈ្មោះ​ក្រុមហ៊ុន​ពី​ទីកន្លែង​ណា មួយ​ក៏បាន​នៅក្នុង​ប្រទេស ក៏ដូចជា​នៅក្នុង​ពិភពលោក​ទាំងមូល​ដោយ​មិនចាំបាច់​មកកាន់​ក្រសួង ពាណិជ្ជកម្ម​, អនុញ្ញាត​ឲ្យ​បង់ប្រាក់​សេវា​នៃ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​, អនុញ្ញាត ឲ្យ​អ្នកដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​អាច​បោះពុម្ព​វិញ្ញាបនបត្រ​ក្រុមហ៊ុន​ដោយ​ខ្លួនឯងបាន​, ធ្វើ​សម​កាល​កម្ម ឬ​ការ បញ្ចូល​គ្នា​នូវ​មូលដ្ឋាន​ទិន្នន័យ​ជាមួយ​ក្រសួង​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ដទៃទៀត និង​សម្រួល​ដល់ ការស្រាវជ្រាវ​ព័ត៌មាន​សាធារណៈ​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​រួច​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម