ដោយៈ ភ្នំស្វាយ / កំពង់ធំៈ ស្នងការនគរបាល ខេត្តកំពង់ធំ រួមទាំង ស្នងការរង និងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់អគារពីរខ្នង ទី១ អគារ សម្រាប់កងកម្លាំងអន្តរាគមន៍ និងទី២ អគារអាហារដ្ឋាន ក្នុងបរិវេណស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងមន្ត្រីក្រុមការងារសាងសង់ បានអោយដឹងថាៈ អគារទាំង ២ គ្រោងនឹងសាង់សង់ឡើង អំពីថ្ម ប្រក់ក្បឿង មានទំហំ ៧,៥០ ម. គុណ ៣៦,៥០ ម. សម្រាប់ កម្លាំងអន្តរាគមន៍ ស្នាក់នៅ។ អគារផ្ទះបាយ មានទំហំ ៨ម. គុណ ១២ម. សម្រាប់ឲ្យកងកម្លាំង បរិភោគបាយរួមគ្នា។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តកំពង់ធំ បានអោយដឹងថាៈ បំណង នៃការសាងសង់អគារ សម្រាប់កម្លាំងអន្តរាគមន៍ គឺជាភាពងាយស្រួល ក្នុងការប្រមូលកម្លាំង អន្តរាគមន៍ ឲ្យប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅក្នុងស្នងការដ្ឋាននគបាលដើម្បីចេញជួយ អន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា បទបញ្ជាថ្នាក់លើ និងត្រៀមខ្លួនជាស្រេច ក្នុងការចេញជួយអន្តរាគមន៍ រាល់សកម្មភាពជួយសង្គ្រោះ និងទប់ស្កាត់ បទល្មើសនានា ឲ្យបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបន្តទៀតថាៈ ក្នុងនាមជាកងកម្លាំង ត្រូវតែត្រៀមខ្លួន ជាស្រេច ដើម្បីបំរើប្រជាពលរដ្ឋ ពោលគឺសុខទុក្ខ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខ របស់ថ្នាក់ដឹកនាំ និងជាតួនាទីការងារចាំបាច់ របស់កម្លាំងសមត្ថកិច្ច ៕PC