Home ព័ត៌មានអន្តរជាតិ ត្រាំ​នៅតែ​អះ...

ត្រាំ​នៅតែ​អះអាងថា​លោក​ឈ្នះឆ្នោត រីឯ​បៃ​ដិ​ន « គ្រាន់​តែ​ឈ្នះ​ក្នុង​ភ្នែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ​» តែ​អូ​បា​ម៉ា​ថា​…

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​ប្រធានាធិបតី​អាម៉េរិក​ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​បាន​ដកខ្លួន​ចេញពី​ការទទួលស្គាល់ គូប្រជែង ចូ បៃ​ដិន ថា​ជា​អ្នកឈ្នះ​កៅអី​សេត​វិមាន និង​បាន​បញ្ជាក់​ច្បាស់​ថា​ លោក​នៅតែ​ព្យាយាម​ប្រែ​ក្រឡាស់​លទ្ធផល​ឆ្នោត​។​

​សម្តី​របស់​ត្រាំ​កាលពី​មុន​នេះ​នាំអោយ​អ្នក​រិះគន់​និង​អ្នកគាំទ្រ​ខ្លះ​រំពឹង​ថា​សេត​វិមាន​ត្រៀម​ធ្វើ​ការងារ​ស្តី​ពី​អន្តរកា​ល​អំណាច​ជាមួយ​ក្រុម​លោកបៃ​ដិន​។​តែ​នៅក្នុង​ផ្នែក​នៃ​ការសរសេរ​បង្ហោះ​អះអាង​គ្មាន​​មូលដ្ឋាន​អំពី​ការបោះឆ្នោត​មាន​ការលួចបន្លំ លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា «​ខ្ញុំ​ឈ្នះ​»​។​

​ត្រាំ​បាន​សរសេរ​បង្ហោះ​ដូច្នេះ​ថា « គាត់​គ្រាន់តែ​ឈ្នះ​ក្នុង​ភ្នែក​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ​»​ប៉ុណ្ណោះ​។​ខ្ញុំ​អត់​ទាន់​ទទួល​ស្គាល់​បរាជ័យ​អី​ទាំងអស់​!​យើង​នៅ​សល់​ផ្លូវ​វែងឆ្ងាយ​ទៀត​ដែល​ត្រូវ​ដើរ​។​នេះ​ជា​​ការបោះឆ្នោត​លួច​បន្លំ​មួយ​»​។​

​តាមពិត​មន្ត្រី​បោះឆ្នោត​មក​ពី​គណបក្ស​ទាំង​ពីរ បាន​និយាយថា មិន​មាន​ការលួចបន្លំ​ជា​ទូទៅ​ទេ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០​។​ការបោះឆ្នោត​ដំណើរការ​ទៅ​ល្អ​ហើយ​អ្នកសង្កេតការ​អន្តរជាតិ​ក៏​បាន​អះ​​អាង​ថា​មិន​មាន​ភាពប្រក្រតី​ធ្ងន់ធ្ងរ​ដែរ​។​

​ក្នុងពេល​ជាមួយគ្នា ក្រុម​យុទ្ធនាការ​របស់​ត្រាំ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ទូទាំង​ប្រទេស តែ​បណ្តឹង​ភាគច្រើន​ត្រូវបាន​តុលាការ​ច្រានចោល ហើយ​ក៏​គ្មាន​បណ្តឹង​មួយណា​ភ្ជាប់​មក​ជាមួយ​នូវ​ភស្តុតាង​ដែល​​អាច​ទាញ​បញ្ច្រាស​លទ្ធផល​ឆ្នោត​ឡើយ​។​

​បៃ​ដិន យកឈ្នះ​ត្រាំ ក្រោយ​ដណ្តើមបាន​ជ័យជម្នះ​នៅ​រដ្ឋ​សំខាន់​៣ គឺ​មី​ឈី​ហ្គែ​ន វី​ស្កុន​ស៊ីន និង​ផេនស៊ី​វែ​នៀ ដោយ​ឈ្នះ​បាន​អង្គ​បោះឆ្នោត​ហួស​ចំនួន​ត្រូវការ​២៧០​សម្លេង សំរាប់​កៅអី​សេត​វិមាន​។​តាំងពី​​មុន​មក បៃ​ដិន ទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​៧៨,៨​លាន​សម្លេង ជា​ចំនួន​ច្រើន​បំផុត​ដែល​បេក្ខជន​ប្រធានាធិបតី​អាម៉េរិក​ណា​ក៏​មិន​ដែល​ទទួលបាន​នៅពេល​ត្រាំ​មាន​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​អាម៉េរិក​៧៣,១​លាន​។​

​នាយសេនាធិការ​របស់​បៃ​ដិន លោក​រ៉ុន គ្លេ​ន បាន​ប្រាប់​សារព័ត៌មាន​NBC​ថា «​បើ​លោក​ប្រធានាធិបតី​ត្រៀម​ទទួលស្គាល់​ការពិត វា​ជា​សញ្ញា​វិជ្ជមាន​។​តែ​សំណេរ​របស់គាត់​ក្នុង​ទ្វី​ត​ធឺ​មិនបាន​ធ្វើ​អោយ​បៃ​​ដិន​ក្លាយ​ជា​ប្រធានាធិបតីប​ន្ទា​ប់​ទេ ទោះ​ជា​ប្រជាជន​អាម៉េរិក​បាន​ធ្វើ​ដូច្នេះ​»​។​

​ក្រោយ​ការបោះឆ្នោត​ជិត​២​សប្តាហ៍ ត្រាំ​មិនបាន​ទូរស័ព្ទ​មក​អបអ​របៃ​ដិន ឬ​ក៏​ទទួលស្គាល់​បរាជ័យ​នៅឡើយ​ទេ ហើយ​ពួក​មន្ត្រី​សេត​វិមាន​ខ្លះ​ថែមទាំង​អះអាងថា ពួកគេ​ត្រៀម​សំរាប់​អាណត្តិ​ទី​២​ទៀតផង​។​

​អតីត​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​CBS​បាន​និយាយថា «​ខ្ញុំ​សូម​រំលឹក​ត្រាំ​ថា ក្នុងនាម​ជា​ប្រធានាធិបតី គាត់​គ្រាន់តែ​ជា​អ្នក​បំរើ​ប្រជាជន​ម្នាក់ និង​កាន់កាប់​​មុខ​តំណែង​នេះ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​នៅពេល​ពេលវេលា​របស់​អ្នក​ចប់ នោះ​ការងារ​របស់​អ្នក​ត្រូវ​ដាក់​ប្រទេស​ជាតិ​មុន​គេ និង​គិតគូរ​អោយ​ហួស​ពី​ភាព​អាត្មានិយម ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ការ​ខក​​ចិត្ត​របស់​អ្នក​»​។​

​លោក​បាន​បន្តថា «​ដំបូន្មាន​របស់​ខ្ញុំ​ចំពោះ​ត្រាំ​គឺថា នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​បើ​អ្នក​ចង់​អោយ​គេ​ចង​ចាំ​ថា​ជា​បុគ្គល​ដែល​ដាក់​ផលប្រយោជន៍​ជាតិ​ជា​ធំ វា​ដល់​ពេល​អ្នក​ធ្វើ​រឿង​ដូចគ្នា​»៕

​ក្រោយ​ការបោះឆ្នោត​ជិត​២​សប្តាហ៍ ត្រាំ​មិន​ទទួលស្គាល់​បរាជ័យ​នៅឡើយ​ទេ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...