ដោយ: អង្គរតូច / សៀមរាប: ក្នុងខណៈដែលទីផ្សារដី ចាប់ផ្តើមកំរើកឡើងវិញ តាមរយៈការបំផុសតៗគ្នា គេឃើញក្រុមឈ្មួញឈូសឆាយពុះជាដីឡូត៍ ដាក់ស្លាកលក់យ៉ាងផុសផុល នៅក្នុងមូលដ្ឋានស្រុកបន្ទាយ ស្រី។ ប៉ុន្តែដីឡូត៍ក្នុងតំបន់ខាងលើនេះ ត្រូវបានអះ អាងថា សុទ្ធសឹងគ្មានច្បាប់អនុញ្ញាតទាំងអស់។
ក្នុងករណីនេះ លោកឃឹម ហ្វីណង់ អភិបាល ស្រុកបន្ទាយស្រី បានអះអាងថា គម្រោងដីឡូត៍និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែអត់ទាន់មានច្បាប់អនុញ្ញាតទាំងអស់។
លោកអភិបាលស្រុក អះអាងយ៉ាងដូច្នេះ គឺនៅ ក្នុងជំនួបអ្នកសារព័ត៌មានដោយផ្ទាល់ នៅសាលា ស្រុកបន្ទាយស្រីកាលពីកន្លងទៅនេះ។ លោកបានបន្តថា ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាល ស្រុកបន្ទាយស្រី លោកនៅមិនទាន់អនុញ្ញាតឱ្យមានលិខិត សាងសង់ផ្ទះល្វែង និងការពុះដីឡូតិ៍សម្រាប់លក់នៅឡើយទេ។
លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រីភាគច្រើន ជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានោះ លោកអភិបាលវ័យក្មេង ក៍បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប អោយពិចារណា មុនពេលចំណាយប្រាក់ ក្នុងការទិញដីឡូត៍ នៅក្នុងមូល ដ្ឋានស្រុកបន្ទាយស្រី។ ត្បិតអាជ្ញាធរស្រុក មិនចេញ ច្បាប់ក្នុងការផ្ទេរឈ្មោះពីមួយទៅមួយឡើយ។
ទោះជាបែបនេះ ក្នុងពេលថ្មី គេឃើញក្រុម ហ៊ុនពុះដីឡូត៍ជាច្រើន បានប្រកាសបើកសម្ភោធគម្រោងរបស់ខ្លួន និងដាក់ស្លាកលក់ជាបន្តបន្ទាប់។ ប៉ុន្តែហាក់មិនឃើញមានការហាមឃាត់ ដោយអាជ្ញាធរស្រុកឡើយ។
ករណីនេះ ហានិភ័យ សម្រាប់ពលរដ្ឋ នៅតែមានកំរិតខ្ពស់ ហើយជម្លោះដីធ្លី អាចគ្មានទីបញ្ចប់។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុង ប្រយ័ត្ន ចៀសវាង ការខាតបង់ ពេលវេលានិងថវិការផ្សេងៗ។
សូមរំលឹកថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រី បានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូត៍និងផ្ទះល្វែង នៅក្នុងមូលដ្ឋានរបស់ខ្លួនចោល ទាំងអស់។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូត៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ៕ ល