Home ព័ត៌មានអន្តរជាតិ ក្រោយ​ចុះ​ពី​...

ក្រោយ​ចុះ​ពី​តំណែង បណ្តឹង​៦ រង់ចាំ​លោក​ត្រាំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ក្នុងនាម​ជា​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ ទទួលបាន​ការការពា​រ​យ៉ាង​ពិសេស​ពី​ការចាត់វិធានការ​តាម​ផ្លូវច្បាប់​ទោះ​វា​ជា​រឿង​ក្តី​ព្រហ្មទណ្ឌឬ​រដ្ឋប្បវេណី​​ក៏ដោយ​។​

​ឥឡូវនេះ បន្ទាប់​ពី​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ លោក​ត្រាំ​នឹង​ក្លាយ​ជា​ពលរដ្ឋ​ឯកជន​ម្តងទៀត​។​នោះ​មានន័យថា​គាត់​នឹង​បាត់បង់​អភ័យ​ឯ​សិទ្ធិ​ប្រធានាធិបតី​របស់គាត់ ជាហេតុ​នាំ​​ឱ្យ​គាត់​អាចឈាន​ទៅ​អង្គុយ​នៅ​កៅអី​នៅ​ចន្លោះ​មេធាវី​និង​រដ្ឋអាជ្ញា​។​

​ដា​នី​ញែល អាឡុន​សូ អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​និង​រដ្ឋ​ញូវយ៉ក បាន​ប្រាប់​BBC កាលពី​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា​ថា “​នៅពេលណា​ដែល​គាត់​ចាកចេញ​ពី​សេត​វិមាន បរិយាកាស​នឹង​ផ្លាស់ប្តូរ​។​គាត់​នឹង​លែងមាន​​អភ័យឯកសិទ្ធិ​ឬ​ការគំរាមកំហែង​នៃ​អំណាច​ប្រធានាធិបតី​ដើម្បី​រារាំង​ការស៊ើបអង្កេត​តទៅទៀត​”​។​

​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​នៅ​ញូវយ៉ក​គឺជា​ក្តីបារម្ភ​ផ្លូវច្បាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​លោក​ត្រាំ​និង​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​គាត់​គឺ Trump Organization ។​លើសពីនេះ​​នៅ​មាន​បណ្តឹង​ជាច្រើន​ទៀត​រាប់​ចាប់ពី​ការចោទប្រកាន់​ពី​ការលួចបន្លំ​ដោយ​សមាជិក​គ្រួសារ​រហូត​ដល់​ការយាយី​ផ្លូវភេទ រហូត​អ្នកសរសេរ​អត្ថបទ​អត្ថាធិប្បាយ​សរសេរថា «​ព្យុះ​ផ្លូវច្បាប់​កំពុង​ពូនផ្តុំ​កំ​​លាំ​ង​»​។​

​ខាងក្រោម​នេះ​គឺជា​បណ្តឹង​ចំនួន ៦ ដែល​អាច​នឹង​លេចឡើង​ប្រឆាំងនឹង​លោក​ត្រាំ​៖

១. ការចោទប្រកាន់​ពី​បទ​សូកលុយ​បំបិទមាត់​

​តារា​Playboy ខា​រ៉ែ​ន ម៉ាកឌូ​ហ្គាល់ និង​តារា​សិច ស្តម​មី ដា​នី​ញែល សុទ្ធតែ​បាន​អះអាងថា​បាន​រួមភេទ​ជាមួយ​លោក​ត្រាំ និង​ទទួល​លុយ​បិទមាត់​កុំ​ឱ្យ​និយាយ​រឿង​ផ្លូវភេទ​នេះ​នៅ​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៦​។

​នៅពេល​ពួកនាង​និយាយ​រឿង​នេះ​ក្នុង​ឆ្នាំ ២០១៨ ក៏​បណ្តាលឱ្យ​ក្រឡាប់​ចាក់​នយោបាយ​ក្រោម​ការដឹកនាំ​របស់​ត្រាំ និង​នាំឱ្យ​មាន​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​២​ករណី​។

​ក្នុង​ឆ្នាំ​២០១៨ អតីត​មេធាវី​របស់​ត្រាំ លោក ម៉ៃ​ឃើ​ល ខូហិន ត្រូវ​កាត់ទោស​ជាប់គុក​៣ ឆ្នាំ ក្រោយ​ការស៊ើបអង្កេត​រកឃើញ​ថា គាត់​ជា​អ្នក​ជួយ​ត្រាំ​សម្របសម្រួល​សូកលុយ​បំបិទមាត់​តារា​ស្រី​ទាំងពីរ ដែល​លុយ​នោះ​ទៀតសោត​គឺជា​កញ្ចប់​ថវិកា​ពី​យុទ្ធនាការ​បោះឆ្នោត ដែល​វា​ជា​ការ​ល្មើស​ច្បាប់​បោះឆ្នោត​។​

​អ្នកជំនាញ​និយាយថា ដោយសារ​ត្រាំ​ជា​ប្រធានាធិបតី ដូច្នេះ​គាត់​មិន​អាច​រង​ការចោទប្រកាន់​ដាក់​ទោសទណ្ឌ​បានទេ ទោះ​មាន​ភស្តុតាង​គ្រប់គ្រាន់​ក៏ដោយ​។

​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​ទី​២​នៅតែ​បន្ត​នៅ​ញូវយ៉ក ហើយ​ត្រាំ​អាច​នឹង​មិន​រួច​ខ្លួន​ទេ នៅ​ពេល​ចុះ​ចេញពី​តំណែង​។

​រដ្ឋអាជ្ញា​សង្កាត់​ម៉ា​ហា​ថែ​ន​នៅ​ញូវយ៉ក លោក​សាយ​រ៉ឺស វេនស៍ កំពុង​ពិនិត្យ​មើល​ថា​តើ​ក្រុមហ៊ុន Trump Organization មាន​បន្លំ​កំណត់ត្រា​ស្តី​ពី​ប្រាក់ចំណេញ​ឬ​អត់​។

​ការ​ក្លែងបន្លំ​កំណត់ត្រា​ប្រាក់ចំណេញ​ជា​ទោស​តូចតាច អាច​ជាប់គុក​ត្រឹម​១​ឆ្នាំ​។ អាជ្ញា​យុ​កាល​នៃ​បណ្តឹង​បែប​នេះ​គឺ​មាន​ត្រឹម​២​ឆ្នាំ ដូច្នេះ​រដ្ឋអាជ្ញា​ប្រហែលជា​គ្មាន​សំណាង​លើ​ករណី​នេះ​ទេ​ព្រោះ​វា​ផុត​អាជ្ញា​​យុ​កាល​ទៅហើយ​។​

​ប៉ុន្តែ​ក៏​អាចមាន​លទ្ធភាព​ផ្សេង​ទៀត​ដែរ​។ ការ​ក្លែងបន្លំ​ឯកសារ​នេះ​អាច​ត្រូវបាន​ចាត់ទុក​ជា​បទឧក្រិដ្ឋ បើ​វា​កើត​ឡើង​ដើម្បី​តែ​បិទបាំង​បទឧក្រិដ្ឋ​ដទៃទៀត ដូច​ជា​ការ​គេចវេស​ពន្ធ​ជាដើម​។​បទឧក្រិដ្ឋ​​គឺ​អាច​មាន​ទោស​ធ្ងន់​និង​ជាប់គុក​ច្រើន​ឆ្នាំ​។​

២) ការស៊ើបអង្កេត​អំពី​ការបន្លំ​ពន្ធ​

​មេធាវី​របស់​ក្រុមហ៊ុន Trump Organization និយាយ​អំពី​ការស៊ើបអង្កេត​របស់​លោក​វេនស៍​កាលពី​ខែ​សីហា​ឆ្នាំ ២០១៩ ថា ការស៊ើបអង្កេត​នោះ​គឺ​មាន​ចរិត​នយោបាយ​។​

​លោក​វេនស៍​គ្រាន់​តែ​ចេញ​លិខិត​ស្នើ​សុំ​ឯកសារ​នានា ដែល​គេ​ហៅថា ដីកាកោះ​សាក្សី​។ លោក​ទាមទារ​សុំ​មើល​កំណត់ត្រា​ហិរញ្ញវត្ថុ​ជាច្រើន​ឆ្នាំ រាប់បញ្ចូល​ទាំង​ពន្ធលើប្រាក់ចំណេញ​រយៈពេល​៨​ឆ្នាំ​របស់​លោក​ត្រាំ​។​

​ចាប់តាំងពី​ពេលនោះ​មក លោក​ត្រាំ​បាន​ព្យាយាម​រារាំង​ដីកាកោះ​សាក្សី​នោះ ដោយ​តវ៉ា​នៅក្នុង​តុលាការ​ថា​វា​ជា​ការរំខាន​ខាង​នយោបាយ​។ នៅ​ខែ​តុលា​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មិន​យល់​ស្រប​នឹង​លោក​​ត្រាំ​ទេ ដូច្នេះ​រឿង​ពន្ធ​នេះ​នៅ​មិនទាន់​ឆ្ងាយ​ពី​ដៃ​របស់​រដ្ឋ​អាជ្ញា​នោះ​ឡើយ​។

​លោក​វេនស៍​ត្រូវការ​ភស្តុតា​ង​នៃ​ការបន្លំ​ពន្ធលើប្រាក់ចំណេញ ដើម្បី​ប្តឹង​ចោទប្រកាន់​លើ​លោក​ត្រាំ​។​

៣) ការស៊ើបអង្កេត​អំពី​ការ​ក្លែងបន្លំ​ឯកសារ​អចលនទ្រព្យ​

​រដ្ឋអាជ្ញា​ក្រុង​ញូវយ៉ក លោកស្រី ឡេ​ទីធ្យា ជេ​មស៍ បាន​ក្លាយជា​បន្លា​មួយទៀត​នៅក្នុង​កែវភ្នែក​របស់​លោក​ត្រាំ​។​

​ចាប់តាំងពី​ខែ​មីនា​ឆ្នាំ ២០១៩ លោកស្រី​ជែម​ស៍​បាន​ដឹកនាំ​ការស៊ើបអង្កេ​ត​ស៊ីវិល​ទៅ​លើ​ថា​តើ​ក្រុមហ៊ុន Trump Organization បាន​ប្រព្រឹត្ត​ការ​ក្លែងបន្លំ​ឯកសារ​អចលនទ្រព្យ​ឬ​អត់​។​

​ជាថ្មី​ម្តងទៀត​ឫសគល់​នៃ​ការស៊ើបអង្កេត​នេះ​បាន​នាំទៅដល់​ការ​ឆ្លើយ​សារភាព​ពី​លោក​ខូហិន​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៩​នៅក្នុង​សភា​ថា​លោក​ត្រាំ​បាន​បំប៉ោង​តម្លៃ​អចលនទ្រព្យ​របស់​គាត់​ដើម្បី​ទទួល​​បាន​ប្រាក់កម្ចី​និង​ដើម្បី​ជា​លេស​បន្ធូរបន្ថយ​ពន្ធ​របស់គាត់​។​

​សក្ខីកម្ម​របស់​លោក​ខូហិន​បានផ្តល់​ហេតុផលដ​ល់​លោក​ស្រី​ជេ​មស៍​ដើម្បី​ស្វែងរ​កព័ត៌មាន​អំពី​អាណាចក្រ​អចលនទ្រព្យ​របស់​លោក​ត្រាំ​។ ដូច​លោក​វេនស៍​ដែរ​លោកស្រី​ជេម​ស៍​ត្រូវរក​ភស្តុតាង​ឯកសារ​ឱ្យ​​គ្រប់គ្រាន់​ដើម្បី​តតាំង​នៅក្នុង​តុលាការ​។​

៤) ករណី​ប្រើ​តំណែង​ប្រធានាធិបតី​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​

​មាត្រា​មួយ​ចែង​ក្នុង​ច្បាប់​ស្តីពី​ការហាមឃាត់​ការប្រើតំ​ណែង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន គឺ​តម្រូវ​ឱ្យ​មន្ត្រី​សហព័ន្ធ​ទាំងអស់​រួម​ទាំង​ប្រធានាធិបតី​សុំ​ការយល់ព្រម​ពី​សភា​មុន​ពេល​ទទួល​ផលប្រយោជន៍​ណាមួយ​
​ពី​រដ្ឋ​បរទេស​។​

​បណ្តឹង​រដ្ឋប្បវេណី​៣​ផ្សេង​គ្នា​បាន​ចោទថា លោក​ត្រាំ​មិន​បាន​សុំ​ការយល់ព្រម​ពី​សភា​ទេ​។ បណ្តឹង​មួយ​លើកឡើងថា ការរៀបចំ​ទទួល​មន្ត្រី​បរទេស​នៅ​សណ្ឋាគារ Trump International Hotel​ក្នុង​ទីក្រុង​​វ៉ាស៊ីនតោន គឺ​អាច​ជា​ការរំលោភច្បាប់​។​

៥. បណ្តឹង​ទាក់ទង​នឹង​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ផ្លូវភេទ​

​លោក​ត្រាំ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ខាង​ផ្លូវភេទ​ដោយ​ស្ត្រី​ជាច្រើន​នាក់ ដែល​ករណី​ខ្លះ​របស់​ពួកនាង​បាន​កើត​ឡើង​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។​លោក​ត្រាំ​បាន​បដិសេធ​រាល់​ការ​ចោទ​​ប្រកាន់​ទាំងអស់នោះ ដោយ​ចាត់ទុក​ពួក​វា​ជា “​ព័ត៌មាន​ក្លែងក្លាយ​” ការ​លាប​ពណ៌​នយោបាយ និង ការ​សមគំនិត​មួលបង្កាច់​។​

​អ្នក​ចោទប្រកាន់​ភាគច្រើន​បាន​ចេញ​មុខ​នៅ​មុន​ជ័យជម្នះ​បោះឆ្នោត​របស់​លោក​ត្រាំ​ក្នុង​ឆ្នាំ ២០១៦ ។ ត្រាំ​ប្តេជ្ញា​ថា​ប្តឹង​បក​លើ​ពួក​នាង​វិញ ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​ការសន្យា​ទេ​។ ផ្ទុយទៅវិញ អ្នក​ចោទប្រកាន់​​មួយចំនួន​បាន​ប្តឹង​លោក​ត្រាំ​វិញ​។ ស្ត្រី​ពីរ​នាក់​ក្នុងចំណោម​នោះ បាន​ដាក់​ពាក្យបណ្តឹង​បរិហារកេរ្តិ៍​ប្រឆាំងនឹង​លោក​ត្រាំ​។​

​លោកស្រី អ៊ី ហ្ស​ង់ ខា​រ៉ូល ជា​អ្នកសរសេរ​បទ​អត្ថាធិប្បាយ​ចាស់វស្សា​ឱ្យ​ទស្សនា​វ​ដ្តី Elle ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ចោទប្រកាន់​ដែរ​។ ​លោកស្រី​បាន​ចោទប្រកាន់​លោក​ត្រាំ​ពីបទ​ចាប់រំលោភ​លោកស្រី​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​មួយ​នៅឯ​ហាង​ទំនើប​នៅ​ម៉ា​ហា​ថែ​ន​ក្នុង​ឆ្នាំ ១៩៩០ ។ លោក​ត្រាំ​បាន​បដិសេធ​ការ​ចោទ​នេះហើយ​កំពុង​​ដោះស្រាយ​ជាមួយនឹង​ពាក្យបណ្តឹង​បរិហារកេរ្តិ៍​នេះ​នៅឡើយ​។​

៦) បណ្តឹង​របស់​ក្មួយ​ស្រី​លោក​ត្រាំ​

“​ការ​ក្លែងបន្លំ​មិនមែន​គ្រាន់តែ​ជា​រឿង​គ្រួសារ​ប៉ុណ្ណោះ​ទេ វា​គឺជា​ជីវភាព​ប្រចាំថ្ងៃ​” ដែល​នេះ​ជា​បន្ទាត់​ដំបូង​នៃ​បណ្តឹង​របស់​នាង ម៉ា​រី ត្រាំ ប្រឆាំង​នឹង​ពូ​របស់​នាង គឺ​លោក​ដូណាល់ ត្រាំ​។​

​ក្នុង​សៀវភៅ​ជីវប្រវត្តិ​របស់​ម៉ា​រី នាង​បាន​ចាត់ទុក​ត្រាំ​ជា​មនុស្ស​គ្មាន​ធម៌​មេត្តា ដែល​នេះ​ជា​គ្រោះថ្នាក់​សម្រាប់​ពលរដ្ឋ​អាម៉េរិក​គ្រប់រូប​។​

​នាង​ម៉ា​រី​ត្រាំ​បាន​ប្តឹង​លោក​ត្រាំ​និង​បងប្អូន​ពីរ​នាក់​ទៀត​របស់​លោក​ត្រាំ​កាលពី​ខែ​កញ្ញា ពី​បទ​បោក​យក​កេរ​មរតក​របស់​នាង​ខណៈ​ដាក់​សម្ពាធ​ឱ្យ​នាង​បោះបង់ចោល​ចំណាប់​អារម្មណ៍​ក្នុង​អាជីវកម្ម​​របស់​គ្រួសារ​ត្រកូល​ត្រាំ​។​

​នាង​ម៉ា​រី ត្រាំ ទទួល​មរតក​ដ៏​មាន​តម្លៃ​ក្នុង​អាជីវកម្ម​គ្រួសារ នៅពេ​លោក​ហ្វ្រេត ត្រាំ ជេ​អា ជា​ឪពុក​របស់​នាង​និង​ជា​បងប្រុស​របស់​ប្រធានាធិបតី​ត្រាំ បាន​ស្លាប់​ក្នុង​ឆ្នាំ ១៩៨១ នៅ​អាយុ ៤២ ឆ្នាំ​។ នាង​ម៉ា​រី​កាលណោះ​ទើប​មាន​អាយុ ១៦ ឆ្នាំ​។​

​ពាក្យបណ្តឹង​របស់​នាង​ម៉ា​រី​និយាយថា លោក​ត្រាំ​និង​បងប្អូន​គាត់ “​ប្តេជ្ញា​ជួយ​មើល​” ផលប្រយោជន៍​របស់​នា​ង​ម៉ា​រី ត្រាំ​។

​ពាក្យបណ្តឹង​និយាយថា “​ពួកគេ​កុហក​។ ជាជាង​ការពារ​ផលប្រយោជន៍​របស់​ម៉ា​រី ពួកគេ​បាន​រៀបចំ​អនុវត្ត​គម្រោងការ​ស្មុគស្មាញ​ដើម្បី​ដណ្តើម​យក​ផលប្រយោជន៍​ពី​នាង លាក់បាំង​ការលួចបន្លំ​នេះ និង បោក​នាង​អំពី​តម្លៃ​ពិត​នៃ​មរតក​ដែល​នាង​ទទួលបាន​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular