ដោយៈ ប.ជ័យ/បន្ទាយមានជ័យៈ ក្រោយពលរដ្ឋ បានព្រមព្រៀង ដោះស្រាយបញ្ចប់ទំនាស់នោះ ក្រុមមន្ត្រីចម្រុះ ពីថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ ភូមិ បន្តចុះសម្របសម្រួល ដោះស្រាយ ករណីទំនាស់ដីធ្លីរ៉ាំរៃ នៅចំណុចបឹងជង្រុក និងចំណុច ៦៧១ (អតីតដីសម្បទាន អោយយោធិនខ្មែរក្រហម វរសេនាតូចលេខ៦៧១ កងពលលេខ២១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីក្រុមការងារ បានប្រាប់កាសែត រស្មីកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថាៈ ក្រុមមន្ត្រីចម្រុះ បានដឹកនាំដោយលោក ប៉ានខែម ប៊ុនថន នាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំអមានមានការចូលរួម ពីលោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ៏យ លោក ឈុន ប៊ុនថា នាយកទីចាត់ការ អន្តរវិស័យសាលាខេត្ត លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ លោក សៀន វុទ្ធី ប្រធានភូមិបាលស្រុក និងសមត្ថកិច្ចជំនាញ កងកម្លាំង បាននិងកំពុងធ្វើការ ទាំងថ្ងៃសម្រាក អស់ជិត ១ខែ ចុះសម្របសម្រួល និងដោះស្រាយជូន ដល់ពលរដ្ឋគូទំនាស់ ហើយបានបញ្ចប់ ១ជំហានជាបណ្តោះអាសន្ន កាលពីចុងសប្តាហ៍មុន ហើយចាប់ពីថ្ងៃនេះ តទៅខាងមុខ នៅចំណុចខ្លះ នឹងមានកម្មវិធីអភិវឌ្ឍន៍ នឹងចាប់ផ្តើម ដូចជាការវាស់វែង កំណត់និយាមការទីតាំង ការបោសសម្អាតមីន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការបែងចែកដីធ្លី ដល់អ្នកមានសិទ្ធិស្របច្បាប់ នៃគូវិវាទ និងដីសម្បទាន។
សូមបញ្ជាក់ថា ពលរដ្ឋជាសមាជិក នៃគូទំនាស់ ត្រូវបានក្រុមការងារ ជួបសម្ភាសន៍ ប្រជុំ អោយផ្តល់សក្ខីកម្ម ឯកសារសំអាង ការបំភ្លឺ ការឆ្លើយដោះបន្ទុក ករណីដែលរស់នៅ , ការអះអាងចូលកាន់កាប់ អាស្រ័យផល ការទទួលអំណោយដី ការចែកដី លើដីទំនាស់ នៅចំណុចបឹងជង្រុក និងចំណុច ៦៧១ ភូមិអូរអំពិល ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕