ដោយៈ មុនីរ័ត្ន/ ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស កាន់អំណាច បានស្វាគមន៍ អបអរសាទរ និងលើកទឹកចិត្ត ឲ្យគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ ចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងទីលានប្រជាធិបតេយ្យ នៅកម្ពុជា និងចូលរួមការប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
ការស្វាគមន៍នេះ បានធ្វើឡើង បន្ទាប់ពីគណបក្សនយោបាយ ចំនួនបី គឺគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត បានសម្រេចចងសម្ព័ន្ធភាព ជាមួយគ្នាដោយដាក់ឈ្មោះថា “សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ”។ ការប្រកាសជាផ្លូវការ នៃការចងសម្ព័ន្ធភាពនេះ នឹងត្រូវធ្វើឡើង នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ បន្ទាប់ពីការប្រកាស ចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ ទាំងបីរួច គឺសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នឹងបើកជំហរ គ្រប់គណបក្សនយោបាយ ទាំងអស់ ដើម្បីចូលរួម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅថ្ងៃទី១៦ វិច្ឆិកានេះថាៈ ការចងសម្ព័ន្ធមេត្រីភាព រវាងគណបក្សនយោបាយ ទាំងបី គឺជាសិទ្ធិនយោបាយរបស់គេ ហើយមិនមានទំនាស់អ្វី ជាមួយនឹងគោលការណ៍ច្បាប់ ដែលមានចែង នៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ សម្រាប់គណបក្សប្រជាជនកម្ពុជា មានតែការអបអរសាទរ និងលើកទឹកចិត្តឲ្យ គណបក្សនយោបាយ ទាំងបី ចងសម្ព័ន្ធភាពមេត្រី ជាមួយគ្នា តាមគោលការណ៍ ដែលគណបក្សនយោបាយទាំងបី គឺចង់ពង្រឹងគណបក្សទាំងបី ដើម្បីប្រកួតប្រជែង នៅក្នុងទីលានប្រជាធិបតេយ្យ នៅកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថាៈ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ ពីព្រោះនៅកម្ពុជា មានគណបក្សនយោបាយ ចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ “យើងស្វាគមន៍ណាស់ ពីព្រោះយើង មានគណបក្ស ដែលចងសម្ព័ន្ធមេត្រីភាព ហើយចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោត នាពេលខាងមុខនេះ”។
លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានបញ្ជាក់ថាៈ គោលបំណង នៃការបង្កើតសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ គឺដើម្បីបណ្តុះគំនិតជាតិនិយម គំរូថ្មីមួយ ដើម្បីយុវជនខ្មែរ បន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ ក្តិចត្រួយ ហើយគណបក្សទាំងបី គឺមានគោលដៅដូចគ្នា និងរឹតចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ។
ចំណែកលោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ បានថ្លែងថាៈ សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ នឹងចេញជារូបរាង នៅពេលឆាប់ៗ ខាងមុខនេះ ដោយគណបក្សទាំងបី បានស្រុះស្រួលគ្នាអស់ហើយ៕/Vៈសរន