ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែ នៅក្នុងព្រះសីហនុ គិតមកដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គឺគ្រប់១ឆ្នាំ បន្ទាប់ពីបានបើការដ្ឋានសាងសង់ ជាផ្លូវការ ក្រោមអធិបតីភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបាន លទ្ធផលការងារ ចាក់ក្រាលបេតុង រួចរាល់ជាស្ថាពរ នៅសល់ការតែការអ៊ុតកៅស៊ូ បន្ថែមពីលើរួចជាការស្រេច ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ ការងារចាក់កៅស៊ូ នឹងចាប់ផ្តើមអនុវត្ត នៅពេលអស់ ទឹកភ្លៀង ពេលនេះ ក្រុមហ៊ុននីមួយៗ ដែលទទួលខុសត្រូវ ក្នុងការ សាងសង់ផ្លូវ នៅខេត្ត ព្រះសីហនុ កំពុងតែមមាញឹក បង្ហើយការងាររបស់ខ្លួន ឱ្យបានស្អាត មុននឹងពេលវេលា អ៊ុតកៅស៊ូមកដល់។ ការងារអ៊ុតកៅស៊ូ លើផ្លូវទាំង ៣៤ ខ្សែ គ្រោងធ្វើឱ្យរួចរាល់ នៅមុនពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មកដល់ ទាំងការដាក់ស្លាក សញ្ញាគំនូសចរាចរ ចិញ្ចើមផ្លូវ សម្រាប់ថ្មើជើង ភ្លើងបំភ្លឺ និងសួនច្បារ។ ផ្លូវទាំង ៣៤ ខ្សែនេះ នៅក្នុងគម្រោងចាក់ បេតុងកម្រាស់ ០,២៥ ម៉ែត្រ និងអ៊ុតបេទីម បន្ថែមពីលើកម្រាស់ ០,០៧ ម៉ែត្រ ។
តាមរបាយការណ៍របស់ គណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ ស្តីពីការស្ថាបនាផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៦ ខែ ឆ្នាំ ២០២០ សម្រេចបាន លទ្ធផល ដូចជា ការងារចាក់បេតុងផ្លូវ សម្រេចបាន ១០០ ភាគរយ , ការងារដាក់លូ តាមផ្លូវ សម្រេចបាន ១០០ ភាគរយ, ការងាររៀបចំ ប្រព័ន្ធលូរណប សម្រេចបាន ៩២,៨១ ភាគរយ , ការងាររៀបខឿនក្រានីត សម្រេចបាន ៩០,២៧ ភាគរយ, ការងាររៀបចំកម្រាលក្រានីត សម្រេចបាន ៧៥,០៥ ភាគរយ, ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវសម្រេចបាន ៩៨,០៥ ភាគរយ, ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ សម្រេចបាន ៩១,២៥ ភាគរយ, ការងារដាំ ដើមឈើ សម្រេចបាន ៦០,០៩ ភាគរយ។
រំលឹកឱ្យដឹងថា ផ្លូវចំនួន ៣៤ ខ្សែ ដែលកំពុងបន្តសាងសង់ នៅក្នុងខេត្តព្រះសីហនុ មានប្រវែង សរុបជាង ៨០ គីឡូម៉ែត្រ ធ្វើការសាងសង់ ដោយក្រុមហ៊ុន ចំនួន ៨ រួមមាន ក្រុមហេងសម្បត្តិ, ក្រុមហ៊ុន SCE, ក្រុមហ៊ុនសាជីវកម្មពិស្ណុការអន្តរជាតិ, ក្រុមហ៊ុន K.B.H Construction Co.,LTD , ក្រុមហ៊ុន VT Engineering Construction , ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ខនស្ត្រាក់សិន & ឌីវើឡុបមែន , កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ ១៧៨ ស្ពានថ្នល់ នៃក្រសួងការពារជាតិ។
គម្រោងសាងសង់ផ្លូវ ខាងលើនេះ បានបើកការដ្ឋាន ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាគម្រោងលើកឡើង ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមាន លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨ ៕PC